news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 20 décembre 2017

កុមារ​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​នៅ​ផ្សារ​រ៉ុងក្លឿ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ


ផ្សារ​រ៉ុងក្លឿ ជា​ផ្សារ​ច្រក​ទ្វា​អន្តរជាតិ​មួយ ឋិត​នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ទោះជា​ផ្សារ​នេះ​ជា​ផ្សារ​របស់​ថៃ​ ពិតមែន ក៏​ប៉ុន្តែ​អាជីវករ​លក់ដូរ​ទំនិញ​សព្វសារពើ​ភាគ​ច្រើន​បំផុតគឺជា​ជនជាតិ​ខ្មែរ។ អ្នកខ្លះ​ធ្វើជា​កម្មករ​ជញ្ជូន​អីវ៉ាន់។ ពលរដ្ឋ​ខ្មែរ​ទាំងនេះ ចូល​មក​ក្នុង​ទឹកដី​ថៃ​នៅ​ពេល​ព្រឹក ហើយ​ត្រឡប់​ចូល​ទៅ​កម្ពុជា​វិញ​នៅ​ពេល​ល្ងាច។
ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ផ្សារ​រ៉ុងក្លឿ​ប្រកប​របរ​ទទួលទាន​ចិញ្ចឹមជីវិត​តាមរបៀប​ផ្សេងៗ​គ្នា។ ក្រៅពី​អ្នក​លក់ដូរ ថៅកែ នៅ​មាន​អ្នក​ខ្លះ​ទៀត ប្រកប​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី ហើយ​មាន​អ្នក​ខ្លះ​ទៀត ប្រកប​របរ​លក់​កម្លាំង​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​ឱ្យ​ភ្ញៀវ ដែល​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ។ ក្នុង​ចំណោម​អ្នក​មក​ប្រកប​របរជា​អ្នក​អូស​រទេះ​ទាំងនេះ មាន​មនុស្ស​ពេញវ័យ បុរស ស្ត្រី ហើយ​គេ​ក៏​សង្កេតឃើញ​មាន​មនុស្ស​វ័យ​ក្មេងៗ ជា​យុវជន និង​កុមារ​ផងដែរ។

យុវជន និង​កុមារ​ទាំងនេះ បាន​បោះបង់​ពេលវេលា និង​ការសិក្សា​របស់​ខ្លួន​ងាក​មក​ប្រកប​របរ​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​ឱ្យ​គេ នៅ​ផ្សារ​រ៉ុងក្លឿ​នេះ។ ដូចជា​យុវជន វ៉ា ម៉ាញ យុវជន វេង វៃ កុមារា ពិសី ជាដើម។
កម្មករ​វ័យ ១៦​ឆ្នាំ មកពី​ខេត្ត​កំពង់ធំ​មួយ​រូប ដែល​និយាយ​មួយៗ ប្រាប់ថា គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៤ ប៉ុណ្ណោះ ហើយ​គាត់​មក​ទីនេះ​ជាមួយ​បង​តាំងពី​អាយុ ១០​ឆ្នាំ​ម្ល៉េះ៖ «យក​មក​តាំងពី​តូច។ យក​មក​រើស​អេតចាយ។ យូរៗ ឃើញ​គេ​អូស​រទេះ​បាន​អ៊ីចឹង ចេះ​តែ​ធ្វើ​តាម​គេ​ទៅ។ រៀន​ផង​អូស​ផង សង្វាត​រកតែ​លុយ​ពេក លែង​បាន​ចូលរៀន»។
កម្មករ​វ័យ​ក្មេងៗ ប្រាប់​ហេតុផល​ដូចៗ គ្នា​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ពួកគាត់​សម្រេចចិត្ត​ចាក​ចេញពី​ស្រុក​កំណើត បោះបង់​ការ​សិក្សា មក​ប្រកប​របរ​រុញ​រទេះ​បែបនេះ គឺ​ព្រោះតែ​ភាព​ក្រីក្រ ហើយ​ខ្លួន​យល់ថា​ចាំបាច់ ត្រូវតែ​ជួយ​រក​ចំណូល​ឱ្យ​ឪពុកម្ដាយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ កុមារ វេង វៃ និយាយ​ថា គាត់​មក​រក​លុយ ដើម្បី​ជួយ​ដោះ​បំណុល​ម្ដាយ៖ «ណាមួយ​ម៉ែ​គាត់​ជំពាក់​គេ​ពេក។ ខ្ចី​លុយ​គេ​ពី​ស្រុក​មក។ អត់​មាន​លុយ​ធ្វើ​កាត​ចូល​ខ្ចី​លុយ​គេ​មក​ធ្វើ​កាត​ចូល»។
កម្មករ វេង វៃ បន្ត​ថា ការ​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​ឱ្យ​គេ​សព្វថ្ងៃ​នេះ រក​ចំណូល​បាន​មិន​ទៀងទាត់​ទេ៖ «ថ្ងៃ​ណា​បាន​ច្រើន គឺ​ច្រើន ថ្ងៃ​ណា​បាន​តិច គឺ​តិច មួយ​ថ្ងៃ​បួន ឬ​ប្រាំ​ម៉ឺន (រៀល)។ បើ​ថ្ងៃ​បុណ្យ​ទាន​អ៊ីចឹង បាន​ច្រើន មួយ​ពាន់ (បាតជាង។ បើ​ថ្ងៃ​ណា​អត់ បាន​ពីរ​បី​រយ ឬ​បួន​ប្រាំ​រយ ដឹក​ខោអាវ កាបូប គេ​ទិញ​យក​ទៅ​លក់​នៅ​ខាង​ខ្មែរ​វិញ។ ជួនកាល​គេ​អ្នក​ចុះ​មកពី​ថៃ គេ​យួរ​កាន់​អត់​កើត»។
ករណី​របស់​កុមារ វេង វៃ ក៏​មាន​ភាព​ដូចគ្នា​នឹង​ករណី​របស់​យុវជន វ៉ា ម៉ាញ ដែរ។ ហេតុតែ​ចង់បាន​លុយ​ច្រើន​បន្តិច យុវជន វ៉ា ម៉ាញ ប្រឹង​អូស​រទេះដឹក​អីវ៉ាន់​ធំ​សំពោង​តែ​ម្នាក់​ឯង។ ខំ​អូស​រទេះ​បាន​ឆ្ងាយ​បន្តិច យុវ​កម្មករ វ៉ា ម៉ាញ ដាក់​គូថ​អង្គុយ​សម្រាក​យក​កម្លាំង​បន្តិច។ ហត់​! ជា​ពាក្យសម្ដី​ដំបូង​របស់ ម៉ាន បន្លឺ​ឡើង​ពេល​ដាក់​គូថ​អង្គុយ។ ម៉ាញ​ប្រាប់​ថា គាត់​មាន​វ័យ ១៩​ឆ្នាំ មកពី​ខេត្ត​ត្បូងឃ្មុំ។ ម៉ាញ រៀន​បាន​ថ្នាក់​ទី​៧។ គាត់​ទើបតែ​មក​ប្រកប​របរ​អូស​រទេះ​បាន​ពីរ​បី​ថ្ងៃ​ទេ។ អីវ៉ាន់​ដែល​គាត់​កំពុង​អូស​នេះ គឺ​គាត់​ម៉ៅ​ពី​គេ​ទម្ងន់​មួយ​តោន ដើម្បី​ដូរ​យក​កម្រៃ​ពលកម្ម​ចំនួន​ជាង ៤០០​បាត ដែល​ស្មើ​នឹង​ប្រមាណ ១៣​ដុល្លារ។ ឆ្លើយ​នឹង​សំណួរ​របស់​អាស៊ីសេរី​ថា ហេតុអ្វី​បានជា​ប្អូន​ចាប់​យក​មុខរបរ​នេះ? យុវជន ម៉ាញ ឆ្លើយ​ថា គាត់​មក​ប្រកប​របរ​នេះ ព្រោះ​គ្មាន​ជម្រើស​ការងារ​ផ្សេង៖ «បើ​អត់​មាន​ការងារ​ធ្វើ មិន​ធ្វើ​ការងារ​នេះ។ បើ​យើង​អត់​បាន​រៀន​ខ្ពង់ខ្ពស់​មានការ​ងារ​ធ្វើ​ផង មិន​មក​ធ្វើ​ការងារ​អ៊ីចឹង!»។
យុវជន ម៉ាញ បញ្ជាក់​បន្ថែម​ថា គាត់​នឹង​មិន​ចាប់​យក​មុខរបរ​អូស​រទេះដឹក​អីវ៉ាន់​បែបនេះ​ជា​រៀង​រហូត​ទេ៖ «ធ្វើ​ពេល​ដែល​យើង​កំពុងតែ​ពិបាក​សិន។ មុខរបរ​នេះ ចាប់​រហូត​អត់​កើត​ទេ បើ​និយាយ​ទៅ»។
ពេល​យុវជន វ៉ា ម៉ាញ អូស​រទេះ​ចេញ​ផុត​ទៅ នៅ​ឯ​ចិញ្ចើមថ្នល់​ម្ខាង​ទៀត មាន​កុមារ​ខ្លះ​កំពុង​អង្គុយ​លើ​រទេះ​រង់ចាំ​ភ្ញៀវ។ មិន​ឆ្ងាយ​ប៉ុន្មាន​ទីនោះ មាន​កុមារា​ម្នាក់​កំពុង​លើក​អីវ៉ាន់​របស់​ភ្ញៀវ​ដាក់​លើ​រទេះ។ កុមារ​ម្នាក់​នេះ​ប្រាប់​ថា គាត់​មាន​ឈ្មោះថា ពិសី អាយុ ១៣ឆ្នាំ។
កុមារា ពិសី និយាយ​ថា គាត់​មក​អូស​រទេះ​នេះ​ជាមួយ​ឪពុក​របស់​គាត់។ កុមារា​រូប​នេះ សព្វថ្ងៃ​នៅ​រៀន​មួយ​ពេល ហើយ​មួយ​ពេល​ទៀត ឆ្លៀត​មក​ជួយ​អូស​រទេះ​ឪពុក​គាត់។ កុមារ​ពិសី និយាយ​ថា គាត់​ចង់​មាន​ពេលវេលា​រៀនសូត្រ​ពេញលេញ ដូច​កុមារ​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​គាត់​ត្រូវ​ជួយ​រកប្រាក់​បញ្ជូន​ទៅ​ឱ្យ​ម្ដាយ​នៅ​ឯ​ខេត្ត​ព្រៃវែង ដើម្បី​ដោះ​បំណុល​ផង និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង។ ពិសី ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​ជួប​ការ​លំបាក​ក្នុង​ការ​រៀនសូត្រ ព្រោះ​តែ​រវល់​មក​ជួយ​អូស​រទេះ​រកលុយ​ឱ្យ​ឪពុក​ផ្ញើ​ទៅ​ម្ដាយ​នៅផ្ទះ​ឯ​ស្រុកកំណើត។
កុមារ និង​យុវ​កម្មករ​អូស​រទេះ​ទាំងនេះ នៅតែ​ចង់​បន្ត​ការសិក្សា​របស់​ខ្លួន​ទៀត ដើម្បី​ឱ្យ​មានឱកាស​រក​ការងារ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ ព្រោះ​ពួកគាត់​យល់​ឃើញ​ថា ការ​ប្រកប​របរ​ប្រើ​កម្លាំង​បែបនេះ នឹង​មិន​អាច​នៅ​ឋិតថេរ​បាន​យូរ​ឆ្នាំ​ទេ​សម្រាប់​ពួកគាត់។ ប៉ុន្តែ ទោះជា​យុវជន វ៉ា ម៉ាញ កុមារា វេង វៃ និង ពិសី ប្រាថ្នា​ចង់បាន​ការសិក្សា និង​បន្ត​ការរៀនសូត្រ​ដូច​កុមារ និង​យុវជន​ដទៃ​ទៀត​ក្ដី ក៏​ពួកគាត់​និយាយ​ថា គ្មាន​រំពឹង​ថា នឹង​អាច​វិលត្រឡប់​ទៅ​បន្ត​ការសិក្សា​របស់​ខ្លួន​វិញ​បានទេ ព្រោះ​រៀន​មិន​ចូល​ពេល​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ទុគ៌ត​ដូច​បច្ចុប្បន្ន​នេះ។ ពួកគាត់​ពោល​ថា មានតែ​ផ្លាស់ប្ដូរ​មុខរបរ​ផ្សេង​ក្រៅពី​ការ​ប្រើ​កម្លាំង​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​នេះ​ប៉ុណ្ណោះ ទើប​ប្រហែល​មាន​ឱកាស​ត្រឡប់​ទៅ​សាលារៀន​វិញ ប៉ុន្តែ​ក្ដី​ស្រមៃ​នេះ​ហាក់​ស្ថិតនៅ​ឆ្ងាយ​ដូច​ជើងមេឃ​សម្រាប់​ពួកគេ៕

ដោយ ជី វិតា
2017-12-19

Aucun commentaire:

Enregistrer un commentaire