៩-វិច្ឆិកា-២០១៣៖ ឃ្លាំស្តុកឈើរបស់ក្រុមហ៊ុន ទ្រី ភាព នៅតាវែង ខេត្តរតនគិរី។ CHRTF Report |
អង្គការឃ្លាំមើលពិភពលោក (Global Witness) រកឃើញ ថា ឈ្មួញរកស៊ីឈើខុសច្បាប់ខ្នាតធំមា្នក់ដែលកាងពីក្រោយដោយ ក្រុមអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងមមាញឹកលក់ឈើប្រណីត របស់កម្ពុជាលក់ទៅឲ្យក្រុមហ៊ុនចិនដឹកចេញ តាមច្រកកំពង់ផែក្រុងព្រះសីហនុ។ ចំណែកក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថា មិនបានដឹងអំពីបញ្ហានេះឡើយ។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក ឬជាភាសាអង់គ្លេស គ្លបល វីនេស មានឈ្មោះថា «តម្លៃឈើប្រណីត» ដែល បានតាមដាន ការចរាចរណ៍ឈើរបស់លោកឧកញ៉ា ទ្រី ភាព អស់ រយៈពេល៨ខែនោះ បានចេញផ្សាយនៅថ្ងៃសុក្រនេះថា ចិនបាន ចំណាយលុយរាប់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងទីផ្សារងងឹត ដើម្បីធ្វើពាណិជ្ជកម្មឈើក្រញូងពីកម្ពុជា។
របាយការណ៍នេះបង្ហាញថា លោកឧកញ៉ា ទ្រី ភាព គឺជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់ ដែលកាងដោយក្រុមមន្ត្រីយោធា ប៉ូលិស និងមន្ត្រីគយក្នុងការបោសសំអាត ឈើក្រញូងរបស់ខ្មែរ ពីតាមខេត្តនានាហើយដឹកជញ្ជូនតាមកប៉ាល់ ទៅកាន់កំពង់ផែក្រុងហុងកុង។
មន្ត្រីរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស (Megan MacInnes) មាន ប្រសាសន៍ថា អង្គការមានភស្តុតាងគ្រប់គ្រាន់ដែលរកឃើញថា លោកឧកញ៉ា ទ្រី ភាព ដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់នេះ កំពុងលក់ឈើទៅទីក្រុងហុងកុង ហើយបញ្ជូនបន្តទៅប្រទេសចិន៖ «ភស្តុតាង ដែលយើងមាន ហើយអ្វីដែលយើងលាតត្រដាង ក្នុងរបាយការណ៍នេះគឺផ្អែកលើការស្រាវជ្រាវ រយៈពេល៨ខែ ពីអំឡុងឆ្នាំ២០១៣ និង ២០១៤ ដែលបានសម្ភាសន៍មនុស្សរបស់លោក ទ្រី ភាព ចំនួន៦៧ រួមមានកម្មករ អ្នកបើកបរ ហើយយើងក៏បានសម្ភាសន៍ ជាមួយមន្ត្រីរដ្ឋាភិបាល រួមមានមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីគយតាមច្រកព្រំដែន ដែលពួកគេបានបញ្ជាក់ដូចៗគ្នាថា លោក ទ្រី ភាព ជាមេក្លោងនៃបណ្ដាញជួញដូរ ឈើខុសច្បាប់ ពេញប្រទេសតែម្ដង»។
អ្នកស្រីបន្តថា គ្លបល វីនេស រកឃើញឯកសារលក់ឈើ របស់លោក ទ្រី ភាព ចំនួនពីរ កាលពីខែមីនា ឆ្នាំ២០១៤ ដែលដឹកឈើប្រណិតទៅកាន់ទីក្រុងហុងកុង ចំនួន ៥ពាន់ម៉ែត្រគូប ក្នុងតម្លៃជិត ៦លានដុល្លារសហរដ្ឋអាមេរិក ចេញតាមច្រកកំពង់ផែក្រុងព្រះសីហនុ។
អ្នកស្រី មេហ្គែន បញ្ជាក់ថា ក្នុង១ខែ លោក ទ្រី ភាព លក់ឈើចំណេញដល់ទៅជិត ៦លានដុល្លារសហរដ្ឋអាមេរិកទៅហើយ ដូច្នេះលោក ទ្រី ភាព ប្រាកដជាចំណេញកប់ក្ដោងរកកន្លែងតម្កល់លុយលែងអស់ទៅហើយក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ។
គ្លបល វីនេស រកឃើញថា លោកឧកញ៉ា មហាសេដ្ឋី ទ្រី ភាព ដែលធ្លាប់ជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ កំពុងកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ដែលមានទំហំជិត ៣ម៉ឺនហិកតារ (២៩.៥៨៩) ស្មើនឹងមួយភាគបួននៃផ្ទៃដីដែនកោះហុងកុង ទាំងមូល។
លើសពីនេះទៅទៀត លោក ទ្រី ភាព ដែលជាបងធំម៉ាហ្វីយ៉ារកស៊ីឈើ រូបនេះបានទទួលសិទ្ធិពិសេសក្នុងការកាប់ឈើ និងទទួលទិញឈើពីសមត្ថកិច្ច ដែលរឹបអូសបានពីក្រុមឈ្មួញរកស៊ីផ្សេងៗទៀត ហើយលក់ចេញទៅក្រៅប្រទេស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០២ បានហាមកាប់ឈើជាទ្រង់ទ្រាយធំក៏ដោយ ក៏ក្រុមហ៊ុនរបស់លោក ទ្រី ភាព នៅតែដឹកជញ្ជូនឈើប្រណិតចំនួន ៩រយ ម៉ែត្រគុប ចេញទៅ ក្រៅប្រទេសតាមច្រកកំពង់ផែក្រុងព្រះសីហនុជារៀងរាល់ថ្ងៃ។
តាមការរកឃើញរបស់ក្លូបលវីនេស ឲ្យដឹងថា យ៉ាងហោចណាស់ឈើប្រណីតរបស់ខ្មែរចំនួន៨៥ភាគរយ ត្រូវបានឈ្មួញលក់ទៅប្រទេសចិន ហើយដែលធ្វើឲ្យការនាំចេញសិប្បកម្មតុទូតាំង របស់ចិនធ្វើដោយឈើប្រណិតរបស់ខ្មែរ កើតឡើងដល់ទៅ១៥០ភាគរយ ក្នុងចន្លោះឆ្នាំ២០១៣និង២០១៤ ។
អង្គការឃ្លាំមើលពិភពលោកមួយនេះ រកឃើញថាឈ្មួញកណ្ដាល របស់លោក ទ្រី ភាព គឺលោកឧត្ដមសេនីយ៍ផ្កាយពីរឈ្មោះ ហុំ ហុយ ដែលស្ថិតនៅក្នុងកងពល ង៧០ ជាកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ទ្រី ភាព ក៏មានទំនាក់ ទំនងស្អិតល្មួតផងដែរ ជាមួយក្រុមមន្ត្រីនៃក្រសួងបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ។
ប៉ុន្តែអ្នកនាំពាក្យនៃក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា លោកមិនបានឃើញឯកសារអំពីករណីរកស៊ីឈើរបស់ លោក ទ្រី ភាព នោះឡើយ៖ «ព័ត៌មានដែលខាងអង្គការនោះបានលើកឡើង ហ្នឹង គឺខ្ញុំមិនបានដឹងទេ។ ព័ត៌មានពីខាងណា ហើយទិន្នន័យទទួលបានពីខាងណា គឺខ្ញុំមិនទទួលបាននោះទេ។ ការងារអស់ហ្នឹងគឺយើងអត់អាចក្ដាប់បានទេ គឺយើងក្ដាប់បានតែការងារខាងផ្នែកបរិស្ថានរបស់យើងតែប៉ុណ្ណឹង។ សំនួរ៖ តើក្រសួងបរិស្ថានមានដែលដឹងដែរទេអំពីការរកស៊ីឈើរបស់លោកទ្រីភាពកន្លងមកនោះបាទ? លោក សៅ សុភាព៖ យើងអត់បានផ្ដោតតែទៅលើបុគ្គលណាមួយទេ គឺក្រសួងបរិស្ថានក៏ដូចជាស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាព្រៃឈើហ្នឹង គឺយើងធ្វើជារួមទៅលើការងារដើម្បីទប់ស្កាត់ និងអភិរក្សធនធានធម្មជាតិរបស់យើង»។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃច័ន្ទ ទី២ ខែកុម្ភៈនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសបើកការបើកស៊ើបអង្កេត ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានជិត ៥០នាក់ ដែលព័ត៌មាននេះ ត្រូវបានគេទម្លាយឲ្យដឹងកាលពីខែចុងមករា។
មន្ត្រីទាំង ៥០នាក់នោះ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងករណីបទល្មើសព្រៃឈើនេះ។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ចូលឈ្មោះសមត្ថកិច្ចទាំងនោះក្នុងបញ្ជីខ្មៅ ដើម្បីត្រៀមបើកការស៊ើបអង្កេត។
ផ្ទុយទៅវិញប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង កាលពីថ្ងៃច័ន្ទ អះអាងថា បើទោះជាអ្នកទាំងនោះ រកឃើញថា បានប្រព្រឹត្តបទល្មើសក៏ដោយ ក៏ពួកគេអាចរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងសប្បាយដែរ ដោយសារពួកគេមិនត្រឹមតែរកចំណូលសម្រាប់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាអ្នករកចំណូលដ៏ពូកែ សម្រាប់ចិញ្ចឹមបក្សកាន់អំណាចថែមទៀត។
ចំណែកអង្គភាពប្រឆាំងអំពើពុករលួយនៅមិនបានផ្ដួចផ្ដើម បើកការស៊ើបអង្កេត ករណីលោក ទ្រី ភាព នោះនៅឡើយទេ បើទោះបី បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអង្គការឃ្លាំមើល បទល្មើស ព្រៃឈើនានាបានរកឃើញថា ឧកញ៉ាបងធំរកស៊ីប្រណិត រូបនេះដែលកំពុងកាងដោយមន្ត្រីមានអំណាចកំពូលៗ កំពុងបោសសំអាតឈើដ៏មានតម្លៃរបស់ប្រទេសជាតិ។
រហូតមកទល់ពេលនេះ វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺពីលោក ទ្រី ភាព បាននៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលពិភពលោកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបំបាត់បទល្មើសព្រៃឈើ ហើយការពារព្រៃឈើដែលនៅសេសសល់បន្តិចបន្តួចដែលសហគមន៍រស់នៅអាស្រ័យ ផលនោះ។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលត្រូវបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើលោកឧកញ៉ា ទ្រី ភាព និងអ្នកពាក់ព័ន្ធដើម្បីនាំខ្លួនជនដៃដល់ទាំងនេះមកផ្ដន្ទាទោស តាមច្បាប់៕