news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 8 août 2017

សមាជិក​សភា​អាស៊ាន​ស្នើ​រដ្ឋាភិបាល​សមាគម​អាស៊ាន​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta


សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាគម​អាស៊ាន​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក និង​ជនភៀសខ្លួន។ ការ​ប្រកាស​អំពាវនាវ​របស់​សមាជិក​សភា​អាស៊ាន​នេះ ក៏​ស្រប​ពេល​ដែល​ជោគវាសនា​នៃ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ដែល​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា​នោះ កំពុង​ឋិត​ក្នុង​ស្ថានភាព​ស្រពេចស្រពិល​នៅ​ឡើយ។

រលក​នៃ​ការ​ភៀស​ខ្លួន​របស់​ជនជាតិ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ដោយសារ​តែ​ការ​រំលោភ​សិទ្ធិមនុស្ស​កំពុង​ក្លាយ​ជា​ការ​បារម្ភ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស។ ការ​បារម្ភ​នេះ ដោយសារ​តែ​ជនភៀសខ្លួន​ទាំង​នោះ ក្រៅ​ពី​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពី​សំណាក់​អាជ្ញាធរ​នៅ​កន្លែង​ដែល​គេ​រស់​នៅ​ហើយ នៅ​ពេល​ពួកគេ​រត់​គេច​ខ្លួន​ទៅ​ដល់​ប្រទេស​ផ្សេង ខ្លះ​មិន​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ផ្សេង​ទៀត​នោះ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​របស់​ពួកគេ​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា ក៏​មាន​ជនភៀសខ្លួន និង​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ព្រោះតែ​ហេតុផល​នយោបាយ ទាំង​ដែល​ពួកគេ​បារម្ភ​ថា អាច​ជួប​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ជាថ្មី​ពី​សំណាក់​អាជ្ញាធរ។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ធ្វើ​ការ​បន្ថែម​ទៀត ដើម្បី​ការពារ​សិទ្ធិ​ជនភៀសខ្លួន​ដោយ​លើក​ហេតុផល​ថា វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ថា ពលរដ្ឋ​ទាំង​អស់ មិន​ថា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ឬ​មក​ពី​ប្រទេស​ផ្សេង​ឡើយ គឺ​សិទ្ធិ​របស់​ពួកគេ​ត្រូវតែ​ទទួល​បាន​ការ​ការពារ។

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ក្រុម​ការងារ​សមាជិក​សភា​អាស៊ាន​បាន​ធ្វើ​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នៅ​ទី​នោះ​ពួកគេ​បាន​ជួប​ទាំង​ពលករ​ចំណាក​ស្រុក និង​ជន​ភៀស​ខ្លួន ក្នុង​នោះ​ក៏​មាន​ជនភៀសខ្លួន​រ៉ូហីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ផង​ដែរ។ ប៉ុន្តែ​ការ​អំពាវនាវ​របស់​ពួកគេ​នេះ ធ្វើ​ឡើង​មិន​សម្រាប់​តែ​ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ជនភៀសខ្លួន​ទាំង​មូល​នៅ​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍។
ការ​អំពាវនាវ​នេះ ក៏​ស្រប​ពេល​ដែល​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ចំនួន ៤៩​នាក់ ក្នុង​ចំណោម ៥២​នាក់​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពិនិត្យ​ឋានៈ​ជា​ជនភៀសខ្លួន ដោយ​អាជ្ញាធរ​ខ្មែរ​នៅ​ដំណាក់កាល​ចុង​ក្រោយ បន្ទាប់​ពី​ពួកគេ​បាន​ធ្លាក់​ក្នុង​ជុំ​ទី​១​កាល​ពី​ខែ​មិថុនា។ ក្នុង​ពេល​ជាមួយ​គ្នា ការ​អំពាវនាវ​នេះ​ក៏​ធ្លាក់​ជួន​ពេល​ដែល​មាន​ព័ត៌មាន​ថា អាជ្ញាធរ​ខ្មែរ​គ្រោង​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់ បន្ថែម​ទៀត ដែល​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម វិញ។

​ទោះ​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ សីហា ថា ក្នុង​ចំណោម​ជនជាតិ​ម៉ុងតាញ៉ា ដែល​ធ្លាក់​ក្នុង​ជុំ​ទី​១ ទាំង ៤៩​នោះ រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​ពិនិត្យ​ឋានៈ​ពួកគេ​ឡើង​វិញ​បាន​ប្រហែល​ពាក់​កណ្ដាល​ហើយ។ ប៉ុន្តែ​លោក​ថា នៅ​មិន​ទាន់​អាច​បញ្ចេញ​ព័ត៌មាន​ថា ប៉ុន្មាន​នាក់​ធ្លាក់ ប៉ុន្មាន​នាក់​ជាប់​នៅ​ឡើយ លុះណាតែ​ពិនិត្យ​ចប់​សព្វគ្រប់​សិន មុន​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត ចំពោះ​ជនជាតិ​ម៉ុងតាញ៉ា ទាំង​អស់​នេះ។

យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ក្រោយ​ការ​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ កម្ពុជា​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​ដែល​អ្នក​ធ្លាក់​ត្រូវ​តែ​ចាក​ចេញ​ពី​កម្ពុជា ក្នុង​រយៈពេល ១៥​ថ្ងៃ​ក្រោយ​ការ​ប្រកាស​មិន​ទទួល​យក​ឋានៈ​ជា​ជនភៀសខ្លួន ហើយ​មិន​អាច​មាន​ភាគី​ណា​មួយ​មក​ជំទាស់​ជំនួស​បាន​ឡើយ៖ «នៅ​ក្នុង​កិច្ច​ដំណើរ​ការ កាល​ណា​គាត់​មិន​ទទួល​បាន​ឋានៈ​គាត់​នឹង​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ដោយ​រៀបចំ​ដោយ​អង្គការ UNHCR។ ស្រុក​យើង​មាន​ច្បាប់​យើង​អនុវត្ត​តាម​ច្បាប់»។

​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ឬ​វៀតណាម ហៅ​ថា ងើយ ទឿង (người Thượng) គឺ​ជា​ក្រុម​ជនជាតិ​ភាគ​តិច​រស់​នៅ​ក្នុង​តំបន់​ភ្នំ​ក្នុង​ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​ដាក់ឡាក់ (Dak Lak) និង​ខេត្ត​កន តុម (Kon Tum) ដែល​ឋិត​នៅ​ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​មណ្ឌលគិរី របស់​កម្ពុជា។

​ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម យ៉ាង​ហោច​ណាស់​ក៏ ៣​ពាន់​នាក់​ដែរ​បាន​រត់​កាត់​ព្រៃ​ឆ្លង​ដែន​ចូល​កម្ពុជា តាម​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន។ រលក​នៃ​ការ​រត់​គេច​ខ្លួន​ចុង​ក្រោយ គឺ​នៅ​ចុង​ឆ្នាំ​២០១៤។ ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ជាដើម។

កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​អម​ដំណើរ​ដោយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​ពួកគេ​មិន​ទទួល​បាន​ឋានៈ​ជន​ជន​ភៀស​ខ្លួន។

រហូត​មក​ទល់​ពេល​នេះ មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់​ហើយ ដែល​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ក្នុង​នោះ ១៣​នាក់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ បញ្ជូន​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​បន្ត​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣។ ចំណែក ៣​នាក់​ទៀត កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ។

​កន្លង​ទៅ អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​សម្ដែង​ការ​បារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។ អង្គការ​ទាំង​នេះ​តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ស្រប​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​នៃ​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ហើយ​ចង់​ឃើញ​ការ​កំណត់​ឋានៈ​នៃ​ជនភៀសខ្លួន​របស់​ជនជាតិ​ម៉ុងតាញ៉ា ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជា​ជាង​ផ្អែក​ទៅ​លើ​ហេតុផល​នយោបាយ៕

RFA 2017-08-08

Aucun commentaire:

Enregistrer un commentaire