news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 7 mai 2015

តើ​វប្បធម៌​សន្ទនា​ជា​ការ​បោក​បញ្ឆោត​បក្ស​ប្រឆាំង​ដែរ​ឬ​ទេ?


ដោយ តាំង សារ៉ាដា
2015-05-06



បើ​ទោះ​បី​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​តែង​ពើង​ទ្រូង​អួត​ក្អេងក្អាង ត្រេកត្រអាល​លើ​វប្បធម៌​សន្ទនា​ដែល​ខ្លួន​តែង​ប្រកាស​ក្តែងៗ​ជា​សាធារណៈ ថា​ជា​ជោគជ័យ​សម្រាប់​បក្ស​របស់​ខ្លួន​ក្នុង​ការ​បង្កើត គ.ជ.ប ថ្មី ដើម្បី​ដោះលែង​សកម្មជន​របស់​ខ្លួន និង​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​ទំនង​ជា​បំភ្លេច​ដាន​ប្រវត្តិសាស្ត្រ​ចាស់ ឬ​ល្បិច​ចាស់​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រើប្រាស់​តាំង​ពី​ចុង​ឆ្នាំ​១៩៨៨ ទាំង​បង្ខំ។

វប្បធម៌​សន្ទនា​ក្នុង​បរិបទ​នយោបាយ​សព្វ​ថ្ងៃ​នេះ​ទំនង​កើត​ឡើង​ដោយសារ​ ការ​បំបែកបំបាក់ ការ​គំរាមកំហែង និង​ការ​អស់​ផ្លូវ​ដើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ល្បិច​ខ្លះៗ​ដែល​ហាក់​ដូចជា​ការ​បំបែក​បំបាក់​នោះ គឺ​នៅ​ពេល​លោក ហ៊ុន សែន បាន​ព្យាយាម​សរសើរ​លោក សម រង្ស៊ី គ្រប់​ម៉ាត់​នៅ​ក្នុង​រដ្ឋ​សភា និង​នៅ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ក្នុង​ខេត្ត​សៀមរាប ថា លោក សម រង្ស៊ី ជា ដៃគូ​សន្ទនា​ដ៏​ល្អ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ឆ្នាំ​២០១៣។

សកម្មភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​ហើយ​ដែល​លោក ហ៊ុន សែន ចង់​បង្អួត​ដល់​សាធារណជន​ថា លោក​អាច​បញ្ចុះបញ្ចូល​ឲ្យ​មេ​បក្ស​ប្រឆាំង​មក​ហែហម​មហិច្ឆតា​នយោបាយ​របស់​ ខ្លួន និង​ការ​បង្កើត​នូវ​ទស្សនីយភាព​ល្អូកល្អិន​នឹង​គ្នា​ដោយ​គ្មាន​វត្ត​របស់​ លោក កឹម សុខា។

លើស​ពី​ភាព​ល្អូកល្អិន​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត នៅ​ខេត្ត​សៀមរាប មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួប​សួរ​សុខទុក្ខ​កម្មករ​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា ទៀត។ នៅ​គ្រា​លោក ហ៊ុន សែន តែង​បន្ទោស​លោក កឹម សុខា ថា កុំ​ឲ្យ​រិះគន់​លោក​ជា​សាធារណៈ​នោះ តែ​លោក​បែរ​ជា​ងាក​មក​កោត​សរសើរ លោក សម រង្ស៊ី ថា អាច​និយាយ​គ្នា​បាន​ក្នុង​ការ​ដោះលែង​សកម្មជន​បក្ស​ដោយ​មិន​ចាំបាច់​រក​ អន្តរាគមន៍​ពី​បរទេស។

យុទ្ធសាស្ត្រ​នយោបាយ​ដ៏​ត្រជាក់​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​ដូចជា​ការ​ព្យាយាម​បំបែក​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ។
វប្បធម៌​សន្ទនា​របស់​មេដឹកនាំ​បក្ស​ប្រឆាំង និង​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ អាច​ដោយសារ​ការ​អស់​ផ្លូវ​ដើរ​របស់​បក្ស​សង្គ្រោះ​ជាតិ ខណៈ​សកម្មជន​ដីធ្លី​ជា​ច្រើន និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​របស់​ខ្លួន​ស្ថិត​ក្នុង​ពន្ធនាគារ ហើយ​មន្ត្រី​របស់​ខ្លួន​ជា​ច្រើន​កំពុង​ជាប់​បណ្ដឹង​ក្នុង​តុលាការ រួម​នឹង​ការ​គំរាម​បន្ត​ការ​ប្រើប្រាស់​យន្តការ គ.ជ.ប ចាស់ ជា​ជាង​ការ​បង្កើត គ.ជ.ប ថ្មី​ពី​សំណាក់​បក្ស​កាន់​អំណាច។

វប្បធម៌​សន្ទនា​នៅ​សហស្សវត្ស​ឆ្នាំ​២០១៥ នេះ​ហាក់​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ទៅ​នឹង​វប្បធម៌​ចរចា​ដើម្បី​បំបែក​បំបាក់​របស់​លោក ហ៊ុន សែន កាល​ពី ២៧​ឆ្នាំ​មុន នៅ​គ្រា​ដែល​លោក​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ចតុ​ភាគី មាន​ក្រុម​ខ្មែរ​ក្រហម ក្រុម​ហ៊្វុនស៊ិនប៉ិច ក្រុម​របស់​លោកតា សឺន សាន និង​ក្រុម​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​របស់​លោក ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣។
ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ បើ​ទោះ​បី​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​លោក​បាន​ត្រឹម​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​ដោយសារ​ការ​គំរាម​បង្កើត ​តំបន់​អបគមន៍​ក៏​ដោយ ក៏​លោក ហ៊ុន សែន នៅ​តែ​ព្យាយាម​បំបែក​ក្រុម​ខ្មែរ​ក្រហម ក្រុម​របស់​លោកតា សឺន សាន និង​ក្រុម​ហ៊្វុនស៊ិនប៉ិច ទៅ​ជា​ចម្រៀកៗ។

​ជា​លទ្ធផល​លោក ហ៊ុន សែន ពិត​ជា​ទទួល​បាន​ជោគជ័យ​មែន ទាំង​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ដាប​ពេញ​ប្រទេស​ក្នុង​ឆ្នាំ​១៩៩៧ ដែល​បាន​សម្លាប់​កងទ័ព​បក្ស​រាជនិយម​រាប់​រយ​នាក់ ហើយ​ក្រោយ​មក​បាន​ប្រមូល​ក្រុម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​យក​មក​កាត់​ទោស​ ថែម​ទៀត ក្រោយ​ពី​ក្រុម​ខ្មែរ​ក្រហម​បាន​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល។
​នៅ​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជ័យជំនះ​ពី​ការ​បោះ​ឆ្នោត​ជាតិ ហើយ​ពេល​នោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​របស់​លោក សម រង្ស៊ី បាន​ធ្វើ​បាតុកម្ម​រួម​គ្នា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ដោយ​ពហិការ​មិន​ចូល​ស្បថ​ក្នុង​រដ្ឋ​សភា។ លោក ហ៊ុន សែន បាន​តប​ត​ទៅ​នឹង​មហា​បាតុកម្ម​នោះ​វិញ ដោយ​ការ​បាញ់​សម្លាប់​សូម្បី​និស្សិត​ព្រះសង្ឃ និង​ស្ត្រី​ក៏​មិន​លើកលែង​នោះ​ដែរ។ នៅ​ចុង​បញ្ចប់​មនុស្ស​ជា​ច្រើន​របួស​ធ្ងន់ ខ្លះ​ស្លាប់ ហើយ​ខ្លះ​ទៀត​បាត់​ខ្លួន។ ការ​សម្លាប់ ការ​ចាប់ចង និង​អំពើ​ហិង្សា​ទាំង​នេះ​ហើយ គឺ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ដាក់​សំពាធ​ឲ្យ​គណបក្ស​ទាំង​ពីរ​ឲ្យ​ចូល​ស្បថ ​សច្ចា​ប្រណិធាន​ក្នុង​រដ្ឋ​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល​សម​ដូច​ប្រាថ្នា។

​ជាង​នេះ​ទៅ​ទៀត យុទ្ធសាស្ត្រ​បំបែកបំបាក់​បញ្ចុះ​បញ្ចូល​បោក​បញ្ឆោត​របស់​លោក ហ៊ុន សែន នៅ​តែ​មាន​ប្រសិទ្ធភាព​ដដែល​សម្រាប់​ឈុត​ឆាក​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ​ឆ្នាំ​២០០៣ ខណៈ​ស្ថានការណ៍​នយោបាយ​ពេល​នោះ​កំពុង​ជាប់​គាំង។
​ដោយសារតែ​សង្គ្រាម​ចិត្តសាស្ត្រ​របស់​លោក ហ៊ុន សែន ក្នុង​កល​ល្បួង​លួងលោម និង​បញ្ជោរ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​សន្យា​ប្រគល់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​ជាតិ។ ដោយ​មិន​បង្អង់​យូរ សម្ដេច​ក្រុមព្រះ​ក៏​បោះបង់​សម្ពន្ធភាព​ប្រជាធិបតេយ្យ​របស់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី ហើយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក ហ៊ុន សែន។

​ដោយ​ហាក់​ដូច​មាន​អាក់អន់ចិត្ត​ជា​ខ្លាំង លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថា​មាន​អំពើ​ពុករលួយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
​នៅ​ឆ្នាំ​២០០៥ លោក សម រង្ស៊ី បាន​និរទេស​ចេញ​ពី​កម្ពុជា ក្រោយ​ពី​រដ្ឋ​សភា​បាន​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក ហើយ​តុលាការ​ទីក្រុង​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​លោក សម រង្ស៊ី ជាប់​គុក ១៨​ខែ។ ដោយសារ​វប្បធម៌​ចរចា នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០០៦ លោក សម រង្ស៊ី បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា វិញ​ក្រោយ​ពី​លោក​បាន​ដក​ពាក្យ​បណ្ដឹង​ឈប់​ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​ក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក ពី​បទ​គប់​គ្រាប់បែក​មុខ​រដ្ឋសភា​កាល​ពី​ឆ្នាំ​១៩៩៧ ហើយ​ពេល​នោះ​លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​សុំទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​ខុស​ហើយ​មិន​សម​ធ្វើ​ដូច្នេះ​ទេ។

​ការ​ឈប់​ប្ដឹង​លោក ហ៊ុន សែន នេះ​គឺ​ដោយសារ​លោក សម រង្ស៊ី នៅ​ពេល​នោះ​ត្រូវ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ដើម្បី​បន្ត​ការងារ​ យុទ្ធនា​ឃោសនា​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០០៨។ ក្រោយ​មក​បន្តិច​លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី វិល ចូល​ប្រទេស​កម្ពុជា​វិញ។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​លាតត្រដាង​ថា ការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ កាល​ពី​ឆ្នាំ​២០០៦ នោះ គឺ​ដោយសារ​ពេល​នោះ​លោក​ចង់​ខ្ចី​ដៃ​លោក សម រង្ស៊ី ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​ពី​រូបមន្ត​ពីរ​ភាគ​បី​ក្នុង​ការ​បង្កើត​ រដ្ឋាភិបាល មក​រូបមន្ត ៥០​ភាគរយ​បូក​មួយ (50+1) វិញ ដើម្បី​បន្ថយ​អំណាច​ត​ថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
​រូបមន្ត​ពីរ​ភាគ​បី​ជា​រូបមន្ត​ដែល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ គណបក្ស​ផ្សេង​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ហើយ​រូបមន្ត ៥០​ភាគរយ​បូក​មួយ ជា​រូបមន្ត​ដែល​គណបក្ស​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋ​សភា អាច​បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​បាន​មិន​ចាំបាច់​មាន​ការ​ចូល​រួម​ពី​បក្ស​ ផ្សេង។
​ជ័យជំនះ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ ហាក់​ដូច​ជា​ការ​បាញ់​ព្រួញ​តូច​មួយ​បាន​សត្វ​ធំ​ដល់​ទៅ​ពីរ ដែល​សត្វ​ទី​មួយ​គឺ​គ្មាន​បណ្ដឹង​អំពី​ការ​គប់​គ្រាប់បែក​មុខ​រដ្ឋសភា​ឆ្នាំ ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) គឺ​លោក រ៉ន អាប់នី រង​របួស​ជើង ក្នុង​តុលាការ​សហរដ្ឋអាមេរិក។ សត្វ​ទី​ពីរ គឺ​លោក ហ៊ុន សែន អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​មិន​ចាំបាច់​មាន​បក្ស​ផ្សេង​មក​រួម​ ជាមួយ។

​នៅ​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៩០​អាសនៈ​ក្នុង​រដ្ឋសភា​តែម្ដង រីឯ​គណបក្ស សម រង្ស៊ី បាន ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស បាន ៣​អាសនៈ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ទទួល​បាន​ម្នាក់ ២​អាសនៈ។  ជ័យជំនះ​លើក​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​បាន​យ៉ាង​ស្រួល។ នៅ​ឆ្នាំ​២០១៣ លោក ហ៊ុន សែន ប្រកាស​ជ័យជំនះ​ម្តង​ទៀត ប៉ុន្តែ​ជ័យជំនះ​លើក​នេះ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន និង​ពី​ខាង​ក្រុម​បក្ស​ប្រឆាំង​តែម្ដង។
​មនុស្ស​ប្រហែល​មួយ​លាន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ពួកគេ​ចាត់​ទុក​ថា មាន​កា​រលួយ​បន្លំ។ អ្នក​ធ្វើ​បាតុកម្ម​ខ្លះ​បាន​លក់​មាន់ លក់​ទា លក់​ឆ្កែ ខ្លះ​ដើរ​ដោយ​ថ្មើរ​ជើង ខ្លះ​ជិះ​កង់​ពី​ខេត្ត​ឆ្ងាយ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​មក​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក ហ៊ុន សែន។
​ជា​ការ​ឆ្លើយ​តប លោក ហ៊ុន សែន បាន​ប្រើ​កណ្ដាប់​ដៃ​ទី​បី​វ៉ៃ​ឥត​ប្រណី​បំបែក​ហ្វូង​បាតុករ​យ៉ាង​ចាស់​ដៃ​ ម្តង​ទៀត។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅ​គុក​ព្រៃ​ស ដែល​នាំ​ឲ្យ​មេ​បក្ស​ប្រឆាំង​ប្រញាប់​ចូល​តុ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​ ក្នុង​ការ​ចូល​ធ្វើ​សច្ចា​ប្រណិធាន​ក្នុង​រដ្ឋ​សភា។

​ក្រោយពី​ស្បថ​ក្នុង​រដ្ឋសភា​ហើយ​នោះ នយោបាយ​របស់​បក្ស​ប្រឆាំង​ហាក់​មាន​ការ​បន្ទន់​ឥរិយាបថ​ច្រើន​សម្រាប់​បក្ស​ កាន់​អំណាច។ ប៉ុន្តែ​កាយវិការ​នយោបាយ​ដ៏​ទន់​ភ្លន់​នេះ អាច​ដោយសារ​ខ្លួន​ត្រូវ​ការ​លួងលោម​ឲ្យ​គណបក្ស​កាន់​អំណាច​អន្តរាគមន៍​ ដោះលែង​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំឃាំង​នោះ​ក៏​អាច​ថា​បាន។
អ្នក​ដែល​ទទួល​ជោគជ័យ​ក្នុង​បរិបទ​នយោបាយ​នេះ អាច​ជា​គណបក្ស​ប្រជាជន​កម្ពុជា ឯ​ណោះ​ទេ ដែល​មាន​ប្រៀប​លើ​បក្ស​សង្គ្រោះ​ជាតិ ដោយសារ​វប្បធម៌​គំរាមកំហែង​របស់​ខ្លួន​បាន​ជំរុញ​មាន​វប្បធម៌​សន្ទនា ឬ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដើម្បី​យក​ប្រៀប​ក្នុង​ការ​បង្កើត​ស្ថាប័ន គ.ជ.ប ថ្មី​ដ៏​ងាយ​ស្រួល​សម្រាប់​ល្ខោន​នយោបាយ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ អ្វី​ដែល​ជា​ជោគជ័យ​ដ៏​ធំ​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ អាច​ជា​ការ​វាយ​បំបាក់​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​ថែម​ទៀត។

គណបក្ស​ប្រឆាំង​បាន​រង​ការ​រិះគន់​យ៉ាង​ជោកជាំ​ពី​ក្រុម​អ្នក​លេង​បណ្តាញ ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ អ្នក​ខ្លះ​បាន​បញ្ចេញ​ទស្សនៈ​ថា បក្ស​សង្គ្រោះ​ជាតិ​កំពុង​ក្លាយ​ជា​បក្ស​អែបអប​របស់​បក្ស​កាន់​អំណាច ទោះបីជា​មេដឹកនាំ​បក្ស​ប្រឆាំង​ខ្លះ ប្រកាស​ជំហរ​របស់​ខ្លួន​ថា មិន​មែន​ជា​បក្ស​រណប​របស់​គណបក្ស​កាន់​អំណាច ហើយ​ក៏​មិន​អាច​ទទួល​យក​គោល​នយោបាយ​របស់​បក្ស​កាន់​អំណាច​មក​ដាក់​ជំនួស​ គោលនយោបាយ​របស់​ប្រឆាំង​នោះ។
​សារ​នយោបាយ​បែប​នេះ​បាន​នាំ​ឲ្យ​លោក ហ៊ុន សែន ខឹង​គណបក្ស​ប្រឆាំង​សា​ជា​ថ្មី ហើយ​គំរាម​រំលាយ​វប្បធម៌​សន្ទនា​នេះ​ចោល​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ស្ទុះស្ទា​ចេញ​សេចក្ដី​ ថ្លែងការណ៍​បន្ត​គាំទ្រ​វប្បធម៌​សន្ទនា​នេះ​ទៀត។

​គណបក្ស​ប្រឆាំង​ហាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ ខ្លា។ មាន​ន័យ​ថា ប្រសិនបើ​​ប្រឆាំង​ហ៊ាន​រឹងរូស​ជាមួយ​បក្ស​កាន់​អំណាច សមត្ថកិច្ច​របស់​រដ្ឋាភិបាល​អាច​នឹង​ចាប់​ប្រមូល​ក្រុម​មន្ត្រី​របស់​ខ្លួន​ ដាក់​ពន្ធនាគារ​វិញ។
សរុប​សេចក្ដី​មក​នយោបាយ​របស់​បក្ស​ប្រឆាំង​ប្រៀប​ដូចជា​មនុស្ស​ដែល​កំពុង ​ជាប់​ខ្នោះដៃ​ស្វ័យប្រវត្តិ​មួយ​ដែល​ហ៊ាន​រើ​កាន់​តែ​ខ្លាំង​កាន់តែ​ជាប់​ ចំណង។ ប៉ុន្តែ​ប្រសិន​បើ​បក្ស​ប្រឆាំង​មាន​ភាព​លះបង់ និង​មាន​សេចក្ដី​ក្លាហាន​ពិត​ប្រាកដ​សម្រាប់​ឆន្ទៈ​របស់​រាស្ត្រ​ឥត​ងាករេ​ មែន​នោះ ខ្នោះដៃ​ស្វ័យប្រវត្តិ​នឹង​អាច​រើ​ចេញ​បាន​យ៉ាង​ងាយ​តាម​រយៈ​អំណាច​ ប្រជាពលរដ្ឋ ហើយ​ល្បិច​នៃ​ការ​ប្រើប្រាស់​វប្បធម៌​គំរាម​កំហែង​ឲ្យ​មាន​វប្បធម៌​សន្ទនា អាច​នឹង​សាបរលាប​ដោយ​ខ្លួន​ឯង៕