ប្រជានេសាទនៅខែត្រស្ទឹងត្រែង កំពុងនេសាទត្រីនៅទន្លេមេគង្គ ក្បែរស្ពានមេគង្គ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ Photo: RFA |
សហគមន៍ព្រែកកាំពី ខែត្រក្រចេះសម្ដែងក្តីកង្វល់ពីការកើនឡើងបទល្មើសនេសាទ ក្នុងតំបន់អភិរក្សផ្សោតព្រែកកាំពី ដោយពុំមានការទប់ស្កាត់។ សហគមន៍ថា ក្រុមជនល្មើសមានខ្នងបង្អែកអ្នកមានអំណាច បានឃុបឃិតជាមួយឆ្មាំអភិរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ ប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីមេពូជធំៗ ទៅទីតាំងត្រីកម្ររស់នៅ និងពងកូន។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី រស់នៅឃុំសំបុក ស្រុកចិត្របូរី អំពាវនាវឲ្យអាជ្ញាធរខែត្រក្រចេះលប់បំបាត់អំពើពុករលួយ រឿងបទល្មើសនេសាទ និងអនុវត្តច្បាប់ឲ្យបានពេលពេញលេញ នៅតំបន់អភិរក្សផ្សោតព្រែកកាំពី។ ពួកគាត់រកឃើញថា ក្រុមជនល្មើសមិនខ្លាចអាជ្ញាធរ និងឆ្មាំអភិរក្សនោះទេ ព្រោះពួកគេមានខ្នងបង្អែកជាអ្នកមានអំណាច។
ពលរដ្ឋរស់នៅឃុំសំបុក ស្រុកចិត្របូរី ថ្លែងសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃអង្គារទី៣ មេសា នេះ បារម្ភថា ប្រសិនបើសមត្ថកិច្ច និងឆ្មាំអភិរក្សផ្សោត នៅតែទទួលប្រយោជន៍ពីបទល្មើសនេសាទ មិនយូរទេសត្វផ្សោត និងត្រីកម្រក្នុងតំបន់នឹងបាត់បង់ទាំងស្រុង បង្កប៉ះពាល់ប្រាក់ចំណូលសហគមន៍។ លោកថា ក្រុមជនល្មើសមុខដដែលៗ ប្រើឧបករណ៍នេសាទខុសច្បាប់ឆក់ត្រីនៅពេលយប់ និងពេលថ្ងៃ នៅជម្រកត្រីពងកូន និងកន្លែងផ្សោតរស់នៅ ឬឆ្លងកាត់ ពុំឃើញមានសមត្ថកិច្ចចុះបង្ក្រាបនោះទេ ព្រោះតែក្រុមជនល្មើសទាំងនោះ បានបង់ប្រាក់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ៖ «ឥឡូវនេះពេញទូកតែម្ដង ពីត្រឹមឃុំខាងលើរហូតដល់ឃុំក្បាលជួរ និងឆ្លងត្រើយម្ខាងឆក់ត្រីខ្លាំងតែម្ដង។ បើនៅតែអ៊ីចឹងត្រឹមពីរឆ្នាំ ទៅ ៣ឆ្នាំអស់ហើយ»។
បុរសដដែលបន្ថែមថា ត្រីក្អែកធំៗ និងត្រីកម្រមួយចំនួនទៀត ដែលសហគមន៍ដាក់លក់លើទីផ្សារ និងលក់ក្នុងរមណីយដ្ឋានព្រែកកាំពី សុទ្ធសឹងជាត្រីដែលគេទិញពីជនល្មើសឆក់។ លោកបន្ថែមថា ជនល្មើសជិត ២០នាក់ ក្នុងនោះមានជនជាតិវៀតណាមផង នៅតែប្រើឧបករណ៍នេសាទខុសច្បាប់ ចាប់ត្រីដោយសេរី បើទោះបីជាអ្នកភូមិបានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានបញ្ជូនឈ្មោះជនពាក់ព័ន្ធទាំងនោះទៅតុលាការរួចហើយ៖ «គេថា គេក្មួយ គង់ សំអុល នៅហ្នឹងមកអះអាង ការពារតែជនល្មើសទេ ថ្នាក់មេភូមិ និងមេឃុំធ្វើអីវាមិនបានទេ។ បើជនល្មើសវាការពារ បទល្មើសក៏បង់លុយឲ្យវាដែរ»។
អន្លង់អភិរក្សផ្សោតព្រែកកាំពី ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផល និងឆ្មាំទន្លេ ជាស្ថាប័នស្នូល មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថានអភិរក្សជីវចម្រុះ និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ អនុលោមតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២។
មេឃុំសំបុក លោក ទុយ វណ្ណា ទទួលស្គាល់ថា បទល្មើសនេសាទក្នុងតំបន់អភិរក្សព្រែកកាំពី នៅតែកើតមានច្រើន តែមន្ត្រីជលផល បានបញ្ជូនឈ្មោះជនសង្ស័យជិត ២០នាក់ ក្នុងនោះមានជនជាតិវៀតណាមផង ទៅតុលាការ តែមកទល់ពេលនេះពុំទាន់ទទួលលទ្ធផលនៅឡើយ។ លោកថា ជនសង្ស័យជិត ២០នាក់ ដែលមន្ត្រីជលផលបញ្ជូនឈ្មោះទៅតុលាការនោះ នៅតែបន្តសកម្មភាពឆក់ត្រីដដែលៗ៖ «រឿងនេះបានបញ្ជូនទៅមួយសាហើយ លើកក្រោយបញ្ជូនទៅមួយសាទៀត។ ចំណាត់ការយឺតមែនទែន។ ខ្ញុំប្រុងទៅសួរខាងលើដែរចំណាត់ការនេះ»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខែត្រក្រចេះ លោក មាន ព្រហ្មមុនី យល់ថា ការអនុវត្តច្បាប់ធូររលុង មិនទប់ស្កាត់បទល្មើសនេសាទ នឹងបង្កប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះ ជាពិសេសសត្វផ្សោតដែលជាប្រភពប្រាក់ចំណូលដល់សហគមន៍។ លោកថា ប្រសិនបើតុលាការនៅតែពន្យារពេលមិនចាត់វិធានការច្បាប់ នៅគ្រាដែលសមត្ថកិច្ចបញ្ជូនឈ្មោះជនសង្ស័យទៅហើយ នឹងបង្កឲ្យជនល្មើសមិនខ្លាចច្បាប់ និងមើលងាយដល់ប្រព័ន្ធច្បាប់នៅកម្ពុជា ហើយបទល្មើសនេសាទនឹងពុំថយចុះទេ៖ «ជនប្រព្រឹត្តកាលណាបណ្ដែតបណ្ដោយបទល្មើសបែបនេះ ជនប្រព្រឹត្តនៅតែប្រព្រឹត្តអ៊ីចឹង អនាធិបតេយ្យ និងធ្វើព្យុះភ្លៀងបាន»។
សហគមន៍បន្ថែមថា កាលពីពេលថ្មីៗនេះ សមត្ថកិច្ចនិងឆ្មាំអភិរក្សបានឃាត់ខ្លួនជនល្មើសនេសាទខុសច្បាប់មួយករណី ដោយពុំបញ្ជូនជនសង្ស័យទាំងនោះ ទៅតុលាការនោះទេ ថែមទាំងឃុបឃិតជាមួយជនល្មើសមិនរឹបអូស ឧបករណ៍ឆក់ ដោយគ្រាន់តែយករឹបអូសទូកនេសាទប៉ុណ្ណោះ៕
RFA 2018-04-04
Aucun commentaire:
Enregistrer un commentaire