សមាជិក គ.ជ.ប ជួបប្រជុំជាមួយតំណាងប្រទេស ជប៉ុន សហរដ្ឋអាមេរិក និង អឺរ៉ុបកាលពីខែវិច្ឆិកា ២០១៧ នៅភ្នំពេញ។ រូបថត ហ្វេសប៊ុក |
ភ្នំពេញៈ សហភាពអឺរ៉ុបប្រចាំទីក្រុងភ្នំពេញកាលពីម្សិលមិញបានប្រកាសព្យួរជំនួយសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលបានគ្រោងទុកនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ ដោយសារតែមិនមានជំនឿទៅលើភាពគួរជឿបាននៃដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតក្រោយពីតុលាការកំពូលរំលាយចោលគណបក្សសង្គ្រោះជាតិដោយចោទប្រកាន់ពីអំពើក្បត់ជាតិពីខែមុនព្រមទាំងមន្ត្រីរបស់គណបក្សនេះជាង ១០០ នាក់ត្រូវបានហាមសិទ្ធិនយោបាយរយៈពេល ៥ ឆ្នាំ។
លោក George Edgar ឯកអគ្គរដ្ឋទូត EU ប្រចាំនៅទីក្រុងភ្នំពេញបានសរសេរលិខិតចុះហត្ថលេខានៅថ្ងៃទី ១២ ខែធ្នូផ្ញើទៅកាន់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីផ្ដល់ជាដំណឹងទាក់ទងនឹងបញ្ហាផ្អាកជំនួយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបបានថ្លែងថា៖ «វិធានការជាបន្តបន្ទាប់ត្រូវបានអាជ្ញាធរអនុវត្តទៅលើគណបក្សប្រឆាំងដ៏ធំជាងគេដែលទទួលបានសំឡេងឆ្នោតចំនួន ៤៤,៥ ភាគរយនៅក្នុងការបោះឆ្នោតជ្រើសរើសអង្គនីតិប្បញ្ញត្តិកាលពីឆ្នាំ ២០១៣ និងចំនួន ៤៣,៨ ភាគរយនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីឆ្នាំ ២០១៧។ សេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃគឺជាការបដិសេធចោលនូវការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សនេះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ និងឆ្នាំ ២០១៧»។
សេចក្ដីប្រកាសដដែលនេះបន្ថែមឲ្យដឹងទៀតថា៖ «សេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិក៏មានន័យផងដែរថាគណបក្សនេះនឹងមិនអាចចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ខាងមុខនេះបានឡើយ។ នៅក្នុងដំណើរការបោះឆ្នោតមួយដែលគណបក្សប្រឆាំងត្រូវបានផាត់ចេញតាមទំនើងចិត្តនេះក៏មិនអាចត្រូវបានមើលឃើញថាមានភាពស្របច្បាប់បានដែរ»។
ក្នុងលិខិត Edgar សរសេរទៅកាន់លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា៖ «ស្ថិតនៅក្រោមកាលៈទេសៈទាំងនេះសហភាពអឺរ៉ុបមិនជឿថាដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតអាចគួរជឿបានទេ»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាថ្លែងប្រាប់ភ្នំពេញ-ប៉ុស្ដិ៍តាមរយៈអ៊ីមែលកាលពីម្សិលមិញថាដើមឡើយសហភាពអឺរ៉ុបបានបែងចែក ១០ លានអឺរ៉ូច្រើនជាង ១១ លានដុល្លារអាមេរិកសម្រាប់ផ្តល់ឲ្យ គ.ជ.ប។
លោកបន្ថែមថា៖ «ជំនួយប្រហែល ១ លានដុល្លារត្រូវបានគេទុកឱ្យនៅសល់ ដែលថវិកានេះនឹងមិនត្រូវចំណាយលើការគាំទ្រ គ.ជ.ប ទៀតនោះទេបន្ទាប់ពីការសម្រេចនេះ»។
នៅក្នុងចលនានេះសហភាពអឺរ៉ុបបានក្លាយជាដៃគូអន្តរជាតិទី ២ ដែលបានផ្អាកជំនួយដល់ គ.ជ.ប បន្ទាប់ពីសហរដ្ឋអាមេរិកដែលបានបញ្ចប់ការគាំទ្រកាលពីខែមុន។
ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្លាប់អះអាងជាច្រើនលើកច្រើនសារថាការរៀបចំការបោះឆ្នោតត្រូវតែធ្វើឲ្យបាន។ ខណៈដែលលោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប បានថ្លែងថាការព្យួរជំនួយរបស់សហភាពអឺរ៉ុប នឹងមិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខនោះទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថាវាជាសិទ្ធិរបស់សហភាពអឺរ៉ុបដែលមានសិទ្ធិផ្ដល់ឲ្យ និងមិនផ្ដល់ឲ្យ ក៏ប៉ុន្តែលើកនេះយើងគិតថាគាត់កាត់ជំនួយ តែគាត់ប្រើពាក្យត្រឹមតែព្យួរ ដូច្នេះយើងនៅមានឱកាស។ ថ្វីដ្បិតថាមានការព្យួរជំនួយរបស់សហភាពអឺរ៉ុបក្ដី ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយទាំងសម្ភារ ថវិកា បច្ចេកទេសក្នុងការរៀបចំការបោះឆ្នោតឆ្នាំ ២០១៨ ដែលយើងមានការបោះឆ្នោត ២ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។
លោកបន្ថែមថា៖ «បើទោះបីជាមានការព្យួរជំនួយរបស់សហភាពអឺរ៉ុបក្ដីក៏យើងនៅសល់ភាគីជាច្រើនទៀតដែលបាន និងកំពុងបន្តជួយ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោតបើអ៊ីចឹងការព្យួរជំនួយរបស់ គ.ជ.ប នេះគឺមិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប. ទេ»។
លោក សូរីដា បានអះអាងផងដែរនូវប្រទេសមួយចំនួនដែលនឹងគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាមានដូចជាប្រទេស ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ី ជាដើម។
លោក សូរីដា ថ្លែងថា៖ «ការសម្រេចចិត្តព្យួរជំនួយរបស់ EU ទៅនឹងរឿងនយោបាយជាការដែលមិនអាចទទួលយកបាន។ នេះគឺជាការបុរេវិនិច្ឆ័យ និងវាយតម្លៃទុកមុន»។
ទោះយ៉ាងណាលោកថា គ.ជ.ប បានត្រៀមថវិកាគ្រប់គ្រាន់សម្រាប់ដំណើរការបោះឆ្នោតដោយការបោះឆ្នោតព្រឹទ្ធសភាត្រូវការប្រមាណ ២ លានដុល្លារ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រត្រូវការប្រមាណ ៥២ លានដុល្លារ។
លោក មាស នី អ្នកវិភាគនយោបាយថ្លែងថាការព្យួរជំនួយពីអាមេរិក និងសហភាពអឺរ៉ុបជាបន្តបន្ទាប់ជាសញ្ញាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ។
លោកថ្លែងថា៖ «គេផ្ដាច់ជំនួយបែបហ្នឹងបានន័យថាគេបានត្រៀមរួចរាល់ជាស្រេចមិនទទួលស្គាល់ទៅលើលទ្ធផលបោះឆ្នោតក្នុងឆ្នាំ ២០១៨។ បើទោះជាយើងប្រកាសថានៅតែបោះឆ្នោតក៏ដោយ តែការបោះឆ្នោតមួយមិនបានទទួលស្គាល់ជាផ្លូវការពីអន្តរជាតិ វានឹងធ្វើឲ្យប្រទេសយើងនៅតែជាប្រទេសមួយដែលមិនគ្រប់សមត្ថភាពជាប្រទេសក្នុងលោក»។
លោក នី បន្ថែមថា៖ «ការគ្រាន់តែប្រកាសថាបើសិនជាមិនជួយទេ យើងនឹងរកទៅពឹងអាមួយទៀតឲ្យជួយ វានៅតែបង្ហាញពីស្ថានភាពមួយដែលយើងនៅមានចំណុចខ្សោយខាងថវិកា គេចពីម្នាក់ទៅពឹងម្នាក់ទៀត អាហ្នឹងវាមិនមែនជាកិត្តិយសរបស់ខ្មែរយើងទេ»។
ទោះជាយ៉ាងណាក៏ដោយក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបថ្លែងផងដែរថាសហភាពអឺរ៉ុបរីករាយក្នុងការគាំទ្រដល់ដំណើរការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់របស់ប្រទេសកម្ពុជាកាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថាត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ ព្រមទាំងមានស្តង់ដារ តម្លាភាព និងកម្រិតទុកចិត្តខ្ពស់។
អត្រាអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់គឺជាសញ្ញានៃភាពជឿទុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានមើលឃើញថាបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោត៕
បែន សុខហ៊ាន and វង្ស សុខេង ភ្នំពេញ-ប៉ុស្ដិ៍
Wed, 13 December 2017
Wed, 13 December 2017
Aucun commentaire:
Enregistrer un commentaire