លោក Alex ស្ថាបនិកមាតាធម្មជាតិក្រោយចាប់ខ្លួន។ រូបថត សហការី |
ភ្នំពេញ: កាលពីថ្ងៃសុក្រកន្លងទៅក្រសួងមហាផ្ទៃបានប្រកាសពីការលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលហើយមានប្រសិទ្ធភាពភ្លាមៗតែប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការមួយនេះបានលាតត្រដាង និងបង្ហាញពីការនាំខ្សាច់ស៊ីលីកាដ៏ច្រើនទៅប្រទេសតៃវ៉ាន់។
ការសម្រេចបិទអង្គការនេះត្រូវបានក្រសួងមហាផ្ទៃឱ្យដឹងថាអង្គការក្រៅរដ្ឋាភិបាលមួយនេះបានស្នើសុំឱ្យដកចេញដោយខ្លួនឯងនៅក្នុងលិខិតមួយមកពីប្រធានអង្គការមាតាធម្មជាតិគឺលោក ព្រំ ធម្មជាតិ កាលពីថ្ងៃទី ២៣ ខែសីហាដោយបានស្នើឱ្យរំលាយ។
សហស្ថាបនិកអង្គការមាតាធម្មជាតិដែលត្រូវបានបណ្ដេញចេញលោក Alejandro Davidson-Gonzalez បានថ្លែងថាការស្នើសុំនេះត្រូវបានជំរុញដោយការធ្វើទុក្ខបុកម្នេញលើសហស្ថាបនិក ២ នាក់ផ្សេងទៀតគឺលោកធម្មជាតិ និងលោក សុខ ចាន់ត្រា។
តួលេខទិន្នន័យពាណិជ្ជកម្មរបស់តៃវ៉ាន់បានបង្ហាញថាការនាំចូលខ្សាច់ស៊ីលីកាពីកម្ពុជាគិតជាទឹកប្រាក់មានចំនួនប្រមាណជាង ៣០ លានដុល្លារ។
ការបង្ហាញនេះបានកើតឡើងស្រដៀងគ្នាទៅនឹងរឿងអាស្រូវដែលពាក់ព័ន្ធទៅនឹងការនាំខ្សាច់ទៅកាន់ប្រទេសសិង្ហបុរីផងដែរដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ៧០០ លានដុល្លារគឺច្រើនជាងទិន្នន័យរបស់កម្ពុជាឆ្ងាយដែលបង្កឱ្យមានការសង្ស័យពីភាពមិនប្រក្រតីមួយចំនួននៅក្នុងករណីនាំចេញខ្សាច់នេះ។
បន្ថែមលើពីនេះទៀតសកម្មជនរបស់អង្គការមាតាធម្មជាតិចំនួន ២ នាក់ដែលបានចង្អុលបង្ហាញពីភាពខុសគ្នានៃការនាំខ្សាច់ស៊ីលីកាចេញគឺលោក ហ៊ុន វណ្ណៈ និង ឌឹម គុណឌី ត្រូវបានចាប់ខ្លួនដោយពួកគេបានថតកប៉ាល់យក្ស ២ គ្រឿងនៅក្នុងខេត្តកោះកុងដែលគេសង្ស័យថាដឹកខ្សាច់ស៊ីលីកានាំចេញទៅក្រៅប្រទេស។ ការចាប់ខ្លួននេះត្រូវបានចោទប្រកាន់ពីបទញុះញង់ និងថតដោយគ្មានការអនុញ្ញាត។
លិខិតមួយដែលបានចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៉ុល លឹម បានបញ្ជាក់ថាក្រសួងបានសម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល។
សេចក្តីប្រកាសនោះសរសេរថា៖ «ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ [ស ខេង] សម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិ...ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ» ។
អង្គការក្រៅរដ្ឋាភិបាលនេះជាបន្លាមួយនៅក្នុងភ្នែករបស់រដ្ឋាភិបាល ដោយសារតែអង្គការនេះបានរាយការណ៍ជាប្រចាំអំពីសកម្មភាពបូមខ្សាច់នានានៅភាគនិរតីរបស់ប្រទេសកម្ពុជា។ សកម្មភាពបញ្ចេញមតិរបស់ខ្លួនក៏បាននាំឱ្យមានការនិរទេសខ្លួនលោក Gonzalez-Davidson កាលពីឆ្នាំ ២០១៥ ផងដែរ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថាក្រុមអភិរក្សបានស្នើសុំឲ្យលុបឈ្មោះចេញដោយសារតែពួកគេមិនមានមូលនិធិ។
លោក សុភ័គ ក៏បានអះអាងផងដែរថាក្រុមនេះហាក់មានភាពរអាក់រអួលបន្ទាប់ពីការនិរទេសលោក Gonzalez-Davidson ហើយមនុស្សមួយចំនួនទាំងអ្នកនៅក្នុង និងក្រៅអង្គការកំពុងប្រើប្រាស់ឈ្មោះរបស់អង្គការខុសពីគោលដៅរបស់ពួកគេ ប៉ុន្តែលោកមិនបានបកស្រាយលម្អិតទេ។
លោក Gonzalez-Davidson បានច្រានចោលការអះអាងដែលថាបញ្ហាហិរញ្ញវត្ថុស្ថិតនៅពីក្រោយការរំលាយនេះ។
លោក ធម្មជាតិ និង លោក ចាន់ត្រា បានថ្លែងថាខ្លួនបានធ្វើកិច្ចប្រជុំមួយកាលពីខែសីហាកន្លងទៅហើយបានសម្រេចចិត្តរំលាយអង្គការនេះបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញឥតឈប់ឈរជាអ្វីដែលលោកបានអះអាងថាកាលពីឆ្នាំមុនស្ទើរតែត្រូវបានគេចាប់ខ្លួនទៅហើយ។
លោកថ្លែងថា៖ «ដូច្នេះយុទ្ធសាស្ត្រល្អបំផុតគឺមិនបន្តក្នុងនាមជាអង្គការដែលចុះបញ្ជី ប៉ុន្តែជាចលនាប្រជាពលរដ្ឋដែលសម្តែងការព្រួយបារម្ភ។ សមាជិកទាំងអស់របស់យើងគឺជាអ្នកធ្វើការស្ម័គ្រចិត្តហើយយើងមិនត្រូវការថវិកាច្រើននោះទេ»។
លោកបន្ថែមថាក្រុមនេះបានឈប់ដំណើរការជាអង្គការក្រៅរដ្ឋាភិបាលចាប់តាំងពីខែតុលា ឆ្នាំ ២០១៤ មកម្ល៉េះហើយត្រូវបានយល់ច្រឡំដោយរដ្ឋាភិបាលដោយបាននិយាយថាពួកគេប្រព្រឹត្តបទល្មើសដោយមិនត្រូវបានចុះបញ្ជី។
សកម្មជនអង្គការមាតាធម្មជាតិលោក ធុន រដ្ឋា ដែលជាក្រុមអ្នកធ្វើការស្ម័គ្រចិត្តតែងតែទទួលជំនួយពីអ្នកស្រុកដូចជាចំណីអាហារ និងកន្លែងស្នាក់នៅជាដើមនោះបានថ្លែងថាការបិទអង្គការនេះនឹងមិនប៉ះពាល់ដល់ការងាររបស់ពួកគេនោះទេ។
លោក រដ្ឋា ថ្លែងថា៖ «យើងនឹងប្រើសិទ្ធិរបស់យើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។ យើងមិនដែលប្រព្រឹត្តបទល្មើសទេ ប៉ុន្តែយើងគ្រាន់តែហ៊ានបង្ហាញ និងនិយាយការពិត»៕ NS
Mon, 18 September 2017
Aucun commentaire:
Enregistrer un commentaire