news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 19 août 2018

បទ​វិភាគ៖ តើ​បក្ស​ប្រឆាំង​គួរ​បង្កើត​រដ្ឋាភិបាល​និរទេស​សម្រាប់​ជា​មធ្យោបាយ​ចុង​ក្រោយ​ឬ​យ៉ាងណា?



របប​លោក ហ៊ុន សែន កំពុង​ពន្លឿន​គម្រោង​ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី ដែល​ជា​ផលិតផល​សម្រេច​នៃ​អំពើ​ប្លន់ និង​ផាត់​ចោល​ស្របច្បាប់​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ តាមរយៈ​ការរៀបចំ​ការបោះឆ្នោត «​ក្លែងក្លាយ» រួចមក។ ក្នុង​បរិបទ​ដែល​កម្ពុជា​ចៀស​មិន​ផុត​ពី​មាន​រដ្ឋាភិបាល​មិន​ស្របច្បាប់ និង​ដែល​មិន​អាច​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​បាន តើ​ដល់​ពេលវេលា​ហើយ​ឬ​នៅ សម្រាប់​គណបក្ស​សង្គ្រោះជាតិ ជ្រើសរើស​យក​ជម្រើស​នៃ​ការ​បង្កើត​រដ្ឋាភិបាល​និរទេស សម្រាប់​ជា​មធ្យោបាយ​ចុងក្រោយ នៃ​ការ​បន្ត​ការ​តស៊ូ​ចលនា​នយោបាយ​របស់​ខ្លួន ក្នុង​បុព្វហេតុ​នាំ​យក​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ជូន​ដល់​សង្គម​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នោះ?

ជា​បន្ត​ទៅ​ទៀត​នេះ សូម​អញ្ជើញ​លោក​អ្នក​តាមដាន​បទ​វិភាគ​របស់​លោក មាន ឫទ្ធិ ដែល​នឹង​សាកល្បង​ពិនិត្យមើល​ពី​ប្រសិទ្ធភាព នៃ​ជម្រើស​ចុងក្រោយ របស់​គណបក្ស​សង្គ្រោះជាតិ តាមរយៈ​ការ​បង្កើត​រដ្ឋាភិបាល​និរទេស ដូច​តទៅ៖

ដូច​តាម​ការ​គ្រោងទុក ដោយ​មិន​បង្អែបង្អង់​យូរ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះបរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ចាត់តាំង លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តាម​សំណើ​របស់​ព្រឹទ្ធិសមាជិក​រដ្ឋសភា លោក ហេង សំរិន និង​សំណើ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​នេះ ធ្វើឡើង​ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ សុទ្ធ​តែ​ជា​ក្រុម​មនុស្ស​ជំនិតៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខជា​បន្តបន្ទាប់ មក​ប្រថាប់ត្រា​ប្រកាស​ផ្ដល់​សុពល​ភាពជា​ផ្លូវការ​លើ​លទ្ធផល នៃ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ដែល​គេឯង​ចាត់ទុកថា​ជា​ការ​បោះឆ្នោត «ក្លែងក្លាយ»។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​កំពុង​បង្កើន​ល្បឿន មហាលោតផ្លោះ បោះពួយ មួយ​ជំហាន​ធំ​ទៅ​មុខ​ទៀត បន្ថែម​ពី​លើ​គំនរ​នៃ​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ ប្រព្រឹត្ត​ដោយ​លោក​ដែល​មាន​ស្រាប់ នៅ​ក្នុង​រជ្ជកាល​ដឹកនាំ​របស់​លោក ឈាន​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី។ ថា​តើ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​នេះ ប្រសូត​រស់ ឬ​ប្រសូត​ស្លាប់ ឬ​មាន​ជោគ​វាសនា​យ៉ាងណា​នោះ នេះ​គឺជា​សំណួរ​ដាច់ដោយឡែក​មួយ​ផ្សេងទៀត។ ប៉ុន្តែ បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា នេះ​គឺជា​ការ​បិទ​បញ្ចប់​ជា​ស្ថាពរ នៃ​ផែនការ​យុទ្ធសាស្ត្រ ធានា​ជ័យជម្នះ​ជា​និរន្ត របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ឈាន​ទៅ​រក​ការ​ចាប់ផ្ដើម​អនុវត្ត​មហិច្ឆតា​គ្រប់គ្រង​អំណាច​ត​ពូជពង្សវង្សត្រកូល ដែល​លោក ហ៊ុន សែន គ្រោង​សម្រេច​ឲ្យ​ខាងតែបាន នៅមុន​ពេល​លោក​ចូល​និវត្ត នា​រយៈពេល​យ៉ាងហោចណាស់ ១០​ឆ្នាំ ខាងមុខ​ទៀត​នេះ។

ទីបំផុត​ទៅ ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទាំងមូល ដែល​សូម្បី​តែ​សម្បក​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ចុងក្រោយ ត្រូវ​បាន​គាស់​រម្លើង​រម្លាយ​ចោល ក្រោម​កណ្ដាប់ដៃ​ដែក​របស់​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក។ ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ជា​ម្ចាស់​អំណាច ម្ចាស់​ប្រទេស ដែល​មាន​អធិបតេយ្យ និង​ឯករាជ្យ​មួយ ដូច​ដែល​ត្រូវ​បាន​ធានា​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ហើយ​ដែល​បាន​នាំមក​ជូន​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ក្រោយ​ពី​បាន​ហែល​ឆ្លងកាត់​សង្គ្រាម​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ អស់​ជាច្រើន​ឆ្នាំ​មក​នោះ ក៏​មិន​អាច​ធានា ឬ​លែង​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តាមរយៈ រដ្ឋាភិបាល​តំណាង​ស្របច្បាប់ របស់​ពួកគេ​បាន​តទៅ​ទៀតហើយ ដោយសារតែ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​នេះ ជា​រដ្ឋាភិបាល​តំណាង​ឲ្យ​ឆន្ទៈ «ក្លែងក្លាយ» ដែល​ជា​សមិទ្ធផល​នៃ​ការបោះឆ្នោត «ក្លែងក្លាយ»។

ចង់ ឬ​មិន​ចង់ តែ​មួយ​ពព្រិច​ភ្នែក គណបក្ស​សង្គ្រោះជាតិ ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ ជាង​កន្លះ​នគរ ត្រូវ​បាន​របប​លោក ហ៊ុន សែន ផាត់​ចោល និង​រុញច្រាន​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក​មួយ ដែល​ស្ទើរតែ​គ្មាន​ជម្រើស​សេសសល់​សម្រាប់​ដើរ​សូម្បីតែ​បន្តិចបន្តួច​នោះ។ តាមរយៈ​យុទ្ធសាស្ត្រ «ជីក​ស្មៅ ជីក​ទាំង​ឬស» របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​ជ័យជម្នះ​ក្រាញ​អំណាច​ជា​និរន្ត​នេះ គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​ចោល នៅ​មិន​ដល់​ប្រមាណ​មួយ​ឆ្នាំ​មុន​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦។ មន្ត្រី​នយោបាយ​កំពូលៗ ដែល​ជា​សមាជិក​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨​រូប ត្រូវ​បាន​ហាមប្រាម​ពី​ការ​ធ្វើ​នយោបាយ​រយៈពេល​ដល់​ទៅ ៥​ឆ្នាំ ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ក៏ដូចជា​សកម្មជន​ដទៃ​ទៀត​នៃ​គណបក្ស​នេះ​មួយ​ចំនួន បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ។ អ្នក​នយោបាយ​ដែល​រួចខ្លួន ក្រៅ​ពី​នេះ​ផ្សេងទៀត បាន​បង្ខំចិត្ត​សម្ងំ​រស់នៅ​លាក់ខ្លួន ឬ​ត្រូវ​ភៀសខ្លួន សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ចាក​ឆ្ងាយ​ពី​មាតុ​ភូមិកំណើត ក្រុម​គ្រួសារ និង​សាច់​ញាតិ​ជាទី​ស្រលាញ់​របស់​ខ្លួន ដែល​ក្នុង​នោះ ក៏​រួម​មាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​មន្ត្រី​ដែល​ជា​តំណាងរាស្ត្រ ឬ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ជាប់ឆ្នោត​ជាច្រើន​នាក់​ទៀត របស់​គណបក្ស​នេះ​ផង​ដែរ។ ពួកគេ​ខ្លះ​ត្រូវ​ប្រឈម​នឹង​បណ្ដឹង​វ័ណ្ឌក ប្រសិនបើ​ហ៊ាន​ជាន់​ជើង​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​វិញ​នោះ។

ឆ្លើយតប​នឹង​បញ្ហា​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ គួរ​មាន​យុទ្ធសាស្ត្រ​ដោះស្រាយ​បែប​ណា​តទៅទៀត នៅ​ចំពោះ​មុខ​ស្ថានភាព​ព្យុះ​ព្យោមា​នេះ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អត្ថិភាព​របស់​គណបក្ស​នេះ​ប៉ុណ្ណោះ​ទេ តែ​ដល់​អាយុជីវិត​ប្រទេសជាតិ​ទាំងមូល​នោះ មាន​សេណារីយោ​នយោបាយ​ដ៏​លេចធ្លោ​មួយ ត្រូវ​គេ​មើល​ឃើញ​ថា ទំនង​អាច​ក្លាយ​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ទប់ស្កាត់​ផែនការមេ​របស់​លោក ហ៊ុន សែន ដែល​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​ឈាន​ទៅ​រក​របប​គ្រប់គ្រង​ប្រទេស​តាមរយៈ​ការ​ផ្ទេរ​អំណាច​ត​ពូជពង្សវង្សត្រកូល​នោះ​ឡើយ។ សេណារីយោ​ការ​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ អាច​ជា​យុទ្ធសាស្ត្រ​ដំណោះស្រាយ​ឆ្លើយតប​ប្រសើរ​មួយ នៅ​ចំពោះ​មុខ​ឧបាយកល និង​ម៉ាស៊ីន​នយោបាយ នៃ​ប្រព័ន្ធ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​កំពុងតែ​ចាក់​ឬស​គល់​យ៉ាង​ជ្រៅ ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

មិនមែន​ជា​រឿង​ចម្លែក ឬ​ដំបូង​ឡើយ ដែល​ទ្រឹស្ដី​នៃ​ការ​បង្កើត​រដ្ឋាភិបាល​និរទេស​នេះ ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​កម្ពុជា​នោះ។ គេ​នៅ​ចាំ​បាន​ថា នៅ​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្ដេច សីហនុ ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ និង​ព្រឹត្តិការណ៍​បន្តបន្ទាប់ ក្នុង​សម័យ​សង្គ្រាមស៊ីវិល នា​ទសវត្សរ៍​ទី​៧០ និង​៨០ កម្ពុជា​ក៏​ធ្លាប់​មាន​រដ្ឋាភិបាល​និរទេស ដឹកនាំ​ដោយ​សម្ដេច នរោត្តម សីហនុ ដែល​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​នៃ​ប្រទេស​មហាអំណាច​កុម្មុយនិស្ត​ចិន និង​បន្ទាប់​មក​ទៀត​រដ្ឋាភិបាល​ត្រីភាគី នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ជាដើម។

សម្រាប់​បរិបទ​បច្ចុប្បន្ន ការ​បង្កើត​រដ្ឋាភិបាល​និរទេស​នេះ អាច​នឹង​មិន​ចាំបាច់​ប្រឈម​នូវ​បញ្ហា ខ្លាំង​ដូច​កាល​ពី​ពេល​អតីតកាល​ទៀត​នោះ​ទេ ដោយសារតែ​កាលៈទេសៈ​បច្ចុប្បន្ន​នេះ មិន​តម្រូវ​ឲ្យ​មាន​ការ​តស៊ូ​តាម​បែប​កម្លាំង​ប្រដាប់​អាវុធ​តាមរយៈ​ការ​រត់​ចូល​ព្រៃ ឬ​ទៅ​ខ្ចី​ទឹកដី​បរទេស​ដើម្បី​ដណ្ដើម​អំណាច​នោះ​ឡើយ។ រដ្ឋាភិបាល​និរទេស​នេះ បង្កើត​ឡើង​ដើម្បី​បង្ហាញ​ពី​ជំហរ​សាមគ្គី​ភាព​រឹងមាំ មិន​មាន​ការ​បែកបាក់ បញ្ជាក់​ពី​ភាព​មោះមុត ក្នុង​ការ​តស៊ូ និង​ការប្តេជ្ញាចិត្ត​ឡើងវិញ ការ​ប្រមូល​ផ្តុំ​ប្រមុំ​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ក្នុងនាម​ជា​មហាគ្រួសារ​ខ្មែរ​របស់​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ឲ្យ​មាន​ទម្ងន់​កាន់តែ​ខ្លាំងក្លា ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​តទល់​នឹង​របប​លោក ហ៊ុន សែន ទាំង​នៅ​ក្នុង​សមរភូមិ​ការទូត សមរភូមិ​នយោបាយ សមរភូមិ​ស៊ីវិល​នានា ដើម្បី​ឈាន​ទៅ​រក​គោលដៅ​នៃ​ការ​ចរចា បិទ​បញ្ចប់​ជម្លោះ​នយោបាយ ដែល​មាន​លក្ខណៈ​ទូលំទូលាយ​មួយ តាមរយៈ​ការ​នាំ​មក​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដល់​កម្ពុជា។ នេះ​មាន​ន័យ​ថា ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា មិនមែន​បញ្ឈប់​ត្រឹមតែ​ការ​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ប៉ុន្មាន​នាក់​នោះ ជា​ថ្នូរ​នឹង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​របប​លោក ហ៊ុន សែន ថ្មី​នេះ​ឡើយ។ តាមរយៈ​ការ​បង្កើត​យន្តការ​រដ្ឋាភិបាល​និរទេស​នេះ ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ អាច​មាន​អានុភាព ឬ​កម្លាំង​គ្រប់គ្រាន់ ដើម្បី​បម្លែង​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ ឲ្យ​ក្លាយ​ជា​ឱកាស​នៃ​ការ​ទាមទារ​ទូលំទូលាយ​មួយ នូវ​ការ​ធានា​ការ​ត្រលប់​មកវិញ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ ដែល​ដំណើរការ​ពិត​ប្រាកដ មិនមែន​ជា​ប្រព័ន្ធ​ក្លែងក្លាយ តាមរយៈ​ការ​ស្នើ​ឲ្យ​មានការ​កោះ​ប្រជុំ​បន្ទាន់​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ព្រមទាំង​ការ​ដាក់​សម្ពាធ​ទៅកាន់​របប​លោក ហ៊ុន សែន ថ្មី​នេះ ឲ្យ​វិល​មក​រក​ការ​ចរចា ជា​ថ្នូរ​នឹង​ការលុបចោល​នូវ​ច្បាប់​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​ពី​សំណាក់​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អូស្ត្រាលី ជាដើម ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក និង EBA របស់​សហភាព​អឺរ៉ុប ការ​មិន​កាត់​ផ្ដាច់​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំងនេះ បន្ថែម​ពីលើ​លក្ខខណ្ឌ​នៃ​ការ​ដាក់​អាសនៈ​កម្ពុជា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ឲ្យ​នៅ​ទំនេរ ដូច​កាល​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ៥-៦​កក្កដា ឆ្នាំ​១៩៩៧ ជាដើម ដែល​សុទ្ធតែ​ជា​ស្ថានភាព អាច​នឹង​ឈាន​ទៅ​កើត​មានឡើង​បាន​នា​ពេល​ខាងមុខនេះ ប្រសិនបើ​គណបក្ស​សង្គ្រោះជាតិ ប្តេជ្ញា​ចិត្ត​មោះមុត​តាមរយៈ​ការ​បង្កើត​យន្តការ​រដ្ឋាភិបាល​និរទេស​នេះ។

បញ្ហា​សំខាន់​នៅ​ត្រង់​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ធនធាន​គ្រប់គ្រាន់ និង​មូលមតិ​ស្រុះស្រួល​គ្នា​ជា​ធ្លុង​មួយ តាមរយៈ​ការ​បើក​ចំហ​ចិត្តគំនិត កាយវិការ និង​បេះដូង ទទួល​យក​ការចូលរួម​ពី​ក្រុម​ខ្មែរ​អ្នក​ស្នេហាជាតិ អ្នក​និយម​ប្រជាធិបតេយ្យ អ្នក​កណ្ដាល​និយម ឬ​អ្នក​ឯករាជ្យ​ដទៃ​ទៀត ហើយ​ឬ​នៅ ដើម្បី​ចាប់​យក​ឧកាស​នេះ ចេះ​ធ្វើការ​រួមគ្នា​ជា​ធ្លុង​មួយ​បាន​នោះ។

ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​នេះ គណបក្ស​សង្គ្រោះជាតិ អាច​ពិចារណា​បង្កើត រដ្ឋាភិបាល​និរទេស​មួយ ដែល​តំណាង​ឲ្យ​ព្រលឹង​ខ្មែរ​ពិតប្រាកដ ដើម្បី​បុព្វហេតុ​ការពារ អធិបតេយ្យ ឯករាជ្យភាព បូរណភាព​ទឹកដី និង​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ ដែល​កំពុង​ទទួលរង​នូវ​ការ​រំលោភបំពាន​ដោយ​ឥត​ស្រាកស្រាន្ត និង​យ៉ាង​គឃ្លើន ពី​សំណាក់​របប​លោក ហ៊ុន សែន ហើយ​ដែល​គឺជា​ការ​មើលងាយ និង​ជាន់​ឈ្លី​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​ខិតខំ​ការពារ បន្សល់ទុក​នូវ​កេរដំណែល​ទឹកដី​ដ៏​ពិសិដ្ឋ និង​ជា​ប្រវត្តិសាស្ត្រ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​កាល​នេះ។ ជា​រដ្ឋាភិបាល​និរទេស តស៊ូ​ផ្អែក​នៅ​លើ​ឆន្ទៈ និង​ស្មារតី​រួម នៃ​ការ​ស្រលាញ់​ជាតិ ស្នេហា​មាតុភូមិ​កំណើត លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌​ពិតប្រាកដ។

រដ្ឋាភិបាល​និរទេស​នេះ អាច​ថា ជា​រដ្ឋាភិបាល​និរទេស​បែប​ជឿនលឿន តែ​ស្វិតស្វាញ មិន​ងាយ​សាបសូន្យ ដោយ​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​នៃ​ប្រទេស​លោក​សេរី​ណាមួយ ដូចជា​នៅ​សហរដ្ឋអាមេរិក បារាំង ឬ​អូស្ត្រាលី ហើយ​ដោយ​យក​គំរូ​តាម​រដ្ឋាភិបាល​និរទេស​ដទៃ​ទៀត ក្នុង​ពិភពលោក ឬ​ក្នុង​តំបន់ តួយ៉ាង​ដូចជា រដ្ឋាភិបាល​និរទេស​ទីបេ (Tibet) របស់​សម្ដេច ដាឡៃឡាម៉ា (Dalai Lama) ដែល​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ស្វិតស្វាញ ជា​យូរយារ​ណាស់​មក​ហើយ ប្រឆាំង​តទល់​នឹង​មហាយក្ស​ចិន រហូត​ដល់​ទៅ​ជាង​កន្លះ​សតវត្ស ឬ​រដ្ឋាភិបាល​និរទេស​ភូមា កាលពី​សម័យ​ដែល​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ជាប់​ឃុំ​ក្នុង​គេហដ្ឋាន​អស់​រយៈកាល​ជាច្រើន​ឆ្នាំ រហូតដល់​លោកស្រី បាន​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​ភូមា​នា​ពេល​សព្វថ្ងៃ​នេះ ជា​គំរូ​ស្រាប់។

ជំហាន​អាទិភាព ដែល​រដ្ឋាភិបាល​និរទេស​នេះ អាច​ធ្វើ​នៅ​ពេល​ប្រកាស​បង្កើត​ចេញ​ជា​រូបរាង រួមមាន ការ​បង្កើត​នូវ​ធម្មនុញ្ញ​ជាក់លាក់​មួយ​របស់​ខ្លួន ដើម្បី​លើកឡើង​ពី​ចក្ខុវិស័យ​នយោបាយ វត្ថុបំណង បុព្វហេតុ និង​គោលដៅ​ជា​យុទ្ធសាស្ត្រ នៃ​ការ​តស៊ូ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ និង​យូរអង្វែង ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា ផ្ដល់​ក្តី​សង្ឃឹម​តែមួយគត់​ដល់​ប្រជារាស្ត្រ​ខ្មែរ ដែល​ស្រេកឃ្លាន នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ដែល​មាន​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​កម្ពុជា និង​កម្ពុជា​ដើម្បី​ទាំងអស់​គ្នា ស្របតាម​បំណង​ប្រាថ្នា​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ គណៈរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​និរទេស​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ គួរ​ផ្តោត​លើ​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​កិច្ចការ​បរទេស មហាផ្ទៃ យុត្តិធម៌ និង​សេដ្ឋកិច្ច​ជាដើម ដោយមាន​នាយករដ្ឋមន្ត្រី​និរទេស​មួយ​រូប​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ។ ក្រៅពី​រចនាសម្ព័ន្ធ​ស្ថាប័ន​នីតិប្រតិបត្តិ​នេះ ក៏​អាច​មាន​ផង​ដែរ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​តុលាការ ដែល​នឹង​ត្រូវ​ពិនិត្យមើល​យ៉ាងណា​ដាក់​ចេញ​នូវ​កម្មវិធី​កំណែ​ទម្រង់​ប្រព័ន្ធ​អំណាច​រដ្ឋ​ទាំងនេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​ជា​គ្រូ​នៃ​ការ​ត្រៀម​គោលនយោបាយ​កំណែទម្រង់ នៅ​ពេល​ចូល​កាន់​អំណាច​ពិតប្រាកដ​ស្របតាម​លក្ខណៈ​ប្រជាធិបតេយ្យ​នា​ពេល​អនាគត។

ពេលវេលា​ល្អ​បំផុត​សម្រាប់​បង្កើត​រដ្ឋាភិបាល​និរទេស​នេះ គឺ​ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន ប្រកាស​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី នៅ​ដើមខែ​កញ្ញា​នេះ ដើម្បី​លាតត្រដាង​ឲ្យ សហគមន៍​អន្តរជាតិ មើល​ឃើញ​អំពី​កង្វះ​ភាព​ស្របច្បាប់ ឬ​ពី​ភាព​ស្របច្បាប់ «​ក្លែងក្លាយ​» នៃ​របប​ថ្មីថ្មោង​របស់​លោក ហ៊ុន សែន នេះ។ ភ្លាមៗ​ក្រោយ​ការ​បង្កើត​រួច រដ្ឋាភិបាល​និរទេស​នេះ អាច​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​នៅ​លើ​សមរភូមិ​ការទូត តាមរយៈ​ការ​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ទទួល​សារតាំង​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN General Assembly Credentials Committee) ទុក​អាសនៈ​កម្ពុជា​នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឲ្យ​នៅ​ទំនេរ ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ពន្លឿន​ការ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម មិន​ផ្ដល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស​ដើម្បី​កុំ​ឲ្យ​លោក ហ៊ុន សែន មានឱកាស​ទៅ​ចូលរួម​សម័យប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ និង​នៅ​អឺរ៉ុប នៅ​ចុងខែ​កញ្ញា និង​ខែ​តុលា​នេះ។ ព្រម​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​និរទេស​នេះ ក៏​អាច​ធ្វើ​យុទ្ធនាការ​ការទូត ទាមទារ​ឲ្យ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ទាំងនេះ លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ផ្លូវការ​ទ្វេភាគី​ជាមួយ​របប​លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ជាដើម ដើម្បី​ដាក់​បន្ទុក​កាន់តែ​ធ្ងន់​ដល់​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ទូលំទូលាយ​មួយ ក្រោម​លក្ខខណ្ឌ​នៃ​ការ​ធានា​ឲ្យ​មាន​ឡើងវិញ​នៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ តាមរយៈ​ការលុបចោល​ច្បាប់​ទាំងឡាយ​ដែល​មាន​លក្ខណៈ​មិន​ប្រជាធិបតេយ្យ ការ​ធានា​យុត្តិធម៌​សង្គម និង​សេដ្ឋកិច្ច​ដែល​មាន​ការចូលរួម និង​ទទួល​បាន​ផលប្រយោជន៍​ពី​គ្រប់​ភាគី ការ​រស់​រវើក​ឡើងវិញ​នៃ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម ការ​គោរព​សិទ្ធិមនុស្ស សេរីភាព រួម​ទាំង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់។

គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ចាញ់បោក​ល្បិចកល​លោក ហ៊ុន សែន ម្ដង​ជា​ពីរ​ដង​រួចមក​ហើយ​កាល​ពី​ពេល​អតីតកាល។ ដូច​ច្នេះ ម្ដងនេះ គណបក្ស​នេះ មិន​ត្រូវ​ចាញ់បោក​ល្បិចកល​របស់​របប​លោក ហ៊ុន សែន ដោយ​ចរចា​តាម​លក្ខខណ្ឌ ឬ​ជំហរ​ធូរ​លុង​ទៀត​នោះ​ទេ។ បទពិសោធន៍​ពី​អតីតកាល​ដ៏​ជូរចត់​ទាំងនេះ អាច​ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ ប្រសិនបើ​គណបក្ស​នេះ មិន​ចង់​ឃើញ​វាល​វដ្តសង្សារ​វិបត្តិ​នយោបាយ កើតមាន​ឡើងវិញ​ដដែល តាម​លំនាំ​ដាន​ចាស់ ហើយ​ប្រសិន​បើ​គណបក្ស​នេះ មិន​ចង់​ឃើញ​កម្ពុជា រអិល​ធ្លាក់​ពី​របប​ផ្ដាច់ការ​បែប​យោធានិយម​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​គ្រប់គ្រង​ត​ពូជពង្សវង្សត្រកូល​របស់​លោក ហ៊ុន សែន ដូច​អ្វី​ដែល​កំពុង​កើតមាន​ស្រាប់​នៅ​ប្រទេស​កូរ៉េខាងជើង ដែល​មិន​ត្រូវ​បាន​ប្រទេស​ដទៃ​ចង់​រាប់រក​នោះ។ ទោះជា​គណបក្ស​សង្គ្រោះជាតិ ឬ​ក្រុម​និយម​ប្រជាធិបតេយ្យ ជ្រើស​រើស​យក​យុទ្ធសាស្ត្រ​ណាមួយ ដែល​អាច​ជា​ការ​បង្កើត​រដ្ឋាភិបាល​និរទេស ឬក៏​បង្កើត​យន្តការ​ណាមួយ​ក៏​ដោយ​ចុះ ជម្រើស​នោះ មិន​គួរ​ធ្វើឡើង​ដើម្បី​គ្រាន់តែ​ចរចា​តាម​បែប​ធូររលុង​ណាមួយ ដើម្បី​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង​អ្នកទោស​នយោបាយ និង​បាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ឡើងវិញ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​សុពលភាព​ឲ្យ​របប​លោក​ថ្មី​មាន​ភាព​ស្របច្បាប់ អាច​ក្ដោបក្ដាប់​អំណាច​បាន​រយៈពេល ៥ ឆ្នាំ​ត​ទៅ​មុខ​ទៀត​នោះ​ឡើយ ព្រោះថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​អំពើ​អយុត្តិធម៌​សង្គម​នានា អាច​នឹង​នៅតែ​បន្ត​កើតមានឡើង​ដដែល នៅ​ក្នុង​សង្គម​កម្ពុជា៕

មាន ឫទ្ធិ RFA 2018-08-18

Aucun commentaire:

Enregistrer un commentaire