មន្រ្តីក្រសួងការបរទេសអូស្រ្តាលីកាលពីម្សិលមិញ បានព្រមានថា រដ្ឋាភិបាលអូស្រ្តាលី កំពុងពិចារណាបិទទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការព្រមាននេះគឺជាការឆ្លើយតបនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេស ការពារជាតិនិងពាណិជ្ជកម្មនៃព្រឹទ្ធសភាអូស្រ្តាលី ដែលចោទសួរមន្រ្តីក្រសួងការបរទេសរបស់ខ្លួនចំពោះវិធានការណ៍មកលើរដ្ឋាភិបាលកម្ពុជា។
នៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្មនៃព្រឹទ្ធសភាអូស្រ្តាលី ថ្ងៃទី៣១ ខែឧសភា ម្សិលមិញ លោកស្រី ជូលី ហិចឆ័រ បានព្រមានថា ដំណើរការបោះឆ្នោតនៅកម្ពុជាពេលខាងមុខនឹងមិនអាចជឿទុកចិត្តបានទេ ដរាបណាគណបក្សប្រឆាំងរងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរនោះ។ លោកស្រីបន្តថា រដ្ឋាភិបាលអូស្រ្តាលីនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា នៅមុនការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ។
បើតាមលោកស្រី ជូលី ហិចឆ័រ រដ្ឋាភិបាលអូស្រ្តាលី កំពុងពិចារណាបិទទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោកស្រី ជូលី ហិចឆ័រ ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងថាវាគ្រាន់តែមតិរបស់មន្រ្តីថ្នាក់ទាបប៉ុណ្ណោះ មិនមែនជាជំហររបស់ក្រសួងការបរទេសអូស្ត្រាលីនោះទេ។
តាម លោក សុខ ឥសាន ប្រសិនបើអូស្ត្រាលីបិទទិដ្ឋាការដល់មន្រ្តីកម្ពុជាមែន លោកយល់ថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
រហូតមកទល់ពេលនេះ មានតែសហរដ្ឋអាមេរិកទេដែលចេញមុខ មុនគេក្នុងការបិទទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ខណៈក្រុមតំណាងរាស្រ្តរបស់ប្រទេសមហាអំណាចមួយនេះ កំពុងដំណើរការធ្វើច្បាប់បង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្រ្តីកម្ពុជាថែមទៀត៕
ដោយ អ៊ឹង ប៊ុនថន 01/06/2018
Aucun commentaire:
Enregistrer un commentaire