កម្ពុជាបានប្រតិកម្មតបនិងធ្វើការច្រានចោលរបាយការណ៍ «កណ្តឹងមរណៈសម្រាប់ប្រជាធិបតេយ្យ» នៅកម្ពុជារបស់ក្រុមសមាជិកសភា អាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែលរបាយការណ៍នេះបានរិះគន់ថារដ្ឋាភិបាលបានប្រើប្រព័ន្ធតុលាការ និងរដ្ឋសភាដើម្បីធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិដើម្បីបង្កើតនូវ «ស្រមោលងងឹតពាសពេញសង្គមកម្ពុជា»។
ក្រសួងការបរទេសកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយដោយបានចាត់ទុកក្រុម APHR ជា «ក្រុមតូចមួយ» នៃអតីត និងសមាជិកសភាបច្ចុប្បន្ននៃប្រទេសអាស៊ានប៉ុណ្ណោះគឺមិនមែនត្រូវបានទទួលស្គាល់ជាអង្គភាពរបស់អាស៊ានឡើយដោយអាស៊ានមានអន្តរសភាអាស៊ាន (AIPA) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ដែលក្រសួងសរសេរថាមាន «តួនាទីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៃបណ្តាប្រទេសជាសមាជិកអាស៊ាន»។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានសរសេរក្នុងសេចក្តីថ្លែងការណ៍នេះថានេះជាការវាយតម្លៃដ៏ខ្មៅងងឹតដោយ APHR។ «ការវាយតម្លៃដែលមិនអាចជឿបាននៅក្នុងរបាយការណ៍របស់ APHR គ្រាន់តែបានឆ្លុះបញ្ចាំងពីទស្សនៈខ្មៅងងឹតរបស់បុគ្គលមួយចំនួនតូចដែលពុំបានយោងលើការពិតជាក់ស្តែងមុននឹងធ្វើការចោទប្រកាន់ទាំងទទឹងទិសរបស់ពួកគេ»។
APHR កាលពីថ្ងៃទី ២០ ខែមីនាបានចេញរបាយការណ៍មួយរិះគន់ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសថ្មីៗនេះថាជាការយាយីផ្លូវច្បាប់លើគណបក្សប្រឆាំង និងបង្កើតឲ្យមាន «បរិយាកាសភ័យខ្លាច» ដែលជាសញ្ញានៃការរំលាយរបបប្រជាធិបតេយ្យជាប្រព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា និងបានដាក់ការសង្ស័យចំពោះការបោះឆ្នោតខាងមុខ ថាតើមានលក្ខណៈស្របច្បាប់ឬអត់?
របាយការណ៍នោះមានឈ្មោះថា «កណ្តឹងមរណៈសម្រាប់ប្រជាធិបតេយ្យ» បានរៀបរាប់លម្អិតពីការប្រើប្រព័ន្ធតុលាការ និងរដ្ឋសភាពីសំណាក់រដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងគណបក្សសង្គ្រោះជាតិដើម្បីបង្កើតនូវ «ស្រមោលងងឹតពាសពេញសង្គមកម្ពុជា»។
ក្រសួងការបរទេសបានតបវិញថា៖ «ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មនេះមិនមានការគំរាមកំហែងណាមួយឡើយដល់គ្រឹះនៃប្រព័ន្ធពហុបក្សដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ដូចនៅតាមបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនានាដែរច្បាប់ដែលបានធ្វើវិសោធនកម្មនេះមានគោលបំណងទប់ស្កាត់រាល់ការរំលោភបំពានដែលមិនស្របទៅតាមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យដូចការញុះញង់ឲ្យមានសម្អប់ជាតិសាសន៍ ការបង្ខូចកេរ្តិ៍ឈ្មោះ និងការបំផ្លិចបំផ្លាញដល់គ្រឹះសង្គមរបស់ប្រជាជាតិជាដើម»។
លោកស្រី មូរ សុខហួរ សមាជិករដ្ឋសភាកម្ពុជា និងជាសមាជិកនៃ APHR ផងដែរបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាការច្រានចោលនូវការរិះគន់គឺជារឿងធម្មតារបស់រដ្ឋាភិបាល។
លោកស្រីថ្លែងថា៖ «របាយការណ៍នេះគឺផ្អែកលើការពិត។...ពួកគេគួរតែស្វាគមន៍ ឬទទួលស្គាល់ទៅវិញទេនូវការរិះគន់ និងនិយាយថាបើកចំហចំពោះរឿងទាំងហ្នឹង។ គេមិនគួរវាយប្រហារថាលោក Charles Santiago ថារិះគន់ដែលវាហាក់ដូចជាការគំរាមកំហែងអ៊ីចឹង»។
លោក Charles Santiago ជាប្រធាន APHR និងជាសមាជិកសភាម៉ាឡេស៊ីបានរិះគន់លើស្ថានភាពនយោបាយកម្ពុជាសព្វថ្ងៃដោយលោកថ្លែងថាវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជានឹងធ្វើឲ្យមានការរំលាយគណបក្សណាដែលមេដឹកនាំមានទោស។
លោកថា៖«ច្បាប់ថ្មី និងការវាយប្រហារផ្សេងទៀតបានធ្វើឲ្យប៉ះពាល់ទាំងស្រុងលើសមត្ថភាពរបស់ពួកគេក្នុងការធ្វើការងាររបស់ខ្លួនក្នុងការបម្រើប្រជាជន និងផ្តោត (ទិសដៅ) អនាគត»។
កាលពីថ្ងៃម្សិលមិញលោក Charles Santiago បានសរសេរតាមសារអេឡិចត្រូនិកថាការច្រានចោលនូវរបាយការណ៍នេះពីសំណាក់រដ្ឋាភិបាលកម្ពុជាគឺដោយសាររដ្ឋាភិបាលកម្ពុជាមិនទទួលយកនូវការរិះគន់បែបស្ថាបនាទាំងនេះ។
លោកថ្លែងថា៖ «រដ្ឋាភិបាលខ្វះនូវសមត្ថភាពក្នុងការទទួលយកការរិះគន់បែបស្ថាបនា ឬខ្វះការចូលរួមក្នុងការស្វែងរកវិធីដើម្បីកែលម្អវិស័យនានាដែលប្រទេសភាគច្រើនក៏មានកន្លែងដែលត្រូវកែដែរ»៕
ភ្នំពេញប៉ុស្តិ៍ Thu, 23 March 2017
Aucun commentaire:
Enregistrer un commentaire