អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍ ទី១៦ មិថុនា បន្តស្ដាប់សក្ខីកម្មរបស់អតីតប្រធានមន្ទីរសន្តិសុខ «ស-២១» ឬគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ សក្ខីកម្មក្នុងសំណុំរឿង០០២ វគ្គ២ អំពីរឿងរ៉ាវសួរចម្លើយអ្នកទោសនៅគុកទួលស្លែង សាក្សី ឌុច អះអាងថា យកតាមរឿងនិទានចិន។
សាក្សី ឌុច ថ្លែងនៅក្នុងសវនាការសាលាដំបូងថ្ងៃទី១៦ មិថុនា ថា បច្ចេកទេសសួរចម្លើយ និងស៊ើបការណ៍ពីអ្នកទោស លោកយកតាមរបៀបរបស់លោកម្ចាស់ ប៉ាវ ក្នុងរឿងតុលាការមុខដែកនៃភាគនិទានរបស់ចិន៖ «អារម្មណ៍ដែលនៅជាប់ក្នុងខ្លួនខ្ញុំ គឺបច្ចេកទេសយកការណ៍ តាមដាន និងសម្រេចក្ដីរបស់ម្ចាស់ ប៉ាវ ដែលកាលនោះ គេហៅថា ប៉ាវ កុង (Bao Kong)។ សំខាន់ គឺឈរលើភស្តុតាង។ តើទៅរកភស្តុតាងឯណា? អាហ្នឹងជាបញ្ហាមួយ។ ដល់ក្រោយមកខ្ញុំចូលដល់ ស-២១ ខ្ញុំរកបានសៀវភៅតិចនិកឌឺរ៉ង់សែងម៉ង់ (Techniques de renseignement) របស់លោក អាលឡិន ឌុលឡេស (Allen Dulles) ពីរក្បាល។ មួយក្បាលខ្ញុំខ្ចប់ផ្ញើទៅខាងលើ។
មួយក្បាលទៀតខ្ញុំមើលដែរ តែបារាំង ខ្ញុំវាខ្សោយ ហើយគ្មានពេលផង ការងារវាជាប់អត់បានមើលទេ។ ដូច្នេះ បច្ចេកទេសសួរចម្លើយរបស់ខ្ញុំ អត់រៀនតាម អាលឡិន ឌុលឡេស ទេ ហើយ អាលឡិន ឌុលឡេស គាត់និយាយទូទៅ»។
ការថ្លែងរបស់ ឌុច បែបនេះ គឺពេលឆ្លើយតបសំណួររបស់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) ដែលចង់ដឹងថា តើការអនុវត្តការសួរចម្លើយនៅគុកទួលស្លែងនោះ លោកយកតាមរបៀបក្នុងសៀវភៅរបស់នាយកភ្នាក់ងារយកការណ៍ សេ.អ៊ី.អា (CIA) លោក អាលឡិន ឌុលឡេស (Allen W. Dulles) នោះ ឬយ៉ាងណា?
ទន្ទឹមគ្នានេះដែរ សាក្សី ឌុច បញ្ជាក់ទៀតថា របៀបធ្វើទារុណកម្ម និងការធ្វើខ្នោះឃ្នាងសម្រាប់អ្នកទោស ទាំងនៅពេលកាន់កាប់គុក «ម-១៣» នៅអមលាំង ខេត្តកំពង់ស្ពឺ និងនៅគុកទួលស្លែង ក៏លោកមិនបានយកតាមវៀតណាម ឬពីបស្ចិមប្រទេសដែរ៖ «ខ្នោះនេះខ្ញុំអត់បានឃើញឯកសារ ហ្វ៊ីលីព ហ្សត (Phillip Short) ឬឯកសារអាណានិគមនិយមបារាំង ទេ គឺធ្វើតាមការណែនាំរបស់ខាងលើផ្ទាល់ពេលដែលខ្ញុំនៅ ម.១៣។ ខ្នោះនេះ ក៏ខ្ញុំឃើញនៅគុក ធំដែរ។ សុំបញ្ជាក់ថា ខ្ញុំមានជាប់គុកសម័យមុនរដ្ឋប្រហារ។ ខ្ញុំជាប់គុក ពីថ្ងៃ៥ មករា ឆ្នាំ១៩៦៨ ដល់ថ្ងៃ៣ មេសា ឆ្នាំ១៩៧០ បានគេ គេដោះលែង។ ដូច្នេះខ្ញុំឃើញអាខ្នោះអស់ហ្នឹង ហើយយកមកធ្វើតាម។ ដូច្នេះ ខ្ញុំអត់បានមើលឯកសារណាស្អីៗ ហើយបារាំង គេធ្វើយ៉ាងម៉េចស្អីឯណា»។
សក្ខីកម្មនៅថ្ងៃដដែលនេះ សាក្សី ឌុច បានបដិសេធភស្តុតាងអំពីការយកអ្នកទោសស្ត្រីទៅពិសោធថ្នាំ ហើយមន្ទីរ «ស-២១» មិនមានផលិតថ្នាំទេ។ លោកថ្លែងថា ឯកសារខ្លះមិនដែលឃើញពីមុនមកទេ។ លោក ឌុច ក៏ច្រានចោលខ្សែភាពយន្តឯកសារជាភស្តុតាងសម្លាប់ទាហានវៀតណាម មួយ ដែលលើកយកមកសួរដោយសហចៅក្រមអន្តរជាតិ លោក ហ្សង់ ម៉ាកឡាវែញ (Jean-Marc Lavergne)។ សាក្សី ឌុច ចាត់ទុកថា ខ្សែភាពយន្តនេះមិនមែនជាខ្សែភាពយន្តដែលលោកថតកាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យទេ បើទោះជាកាលនោះមានថតកុនបែបនេះដែរ៖ «ដូច្នេះថ្ងៃនោះគ្មានវៀតណាម ហើយមានអង់គ្លេសទៀតទេ។ នេះជាមូលហេតុមួយដែលខ្ញុំបដិសេធខ្សែកុន។ ដូច្នេះខ្សែកុននេះជាខ្សែកុនក្រោយ មិនមែនខ្សែកុនដែលខ្ញុំថតនៅផ្ទះខ្ញុំ ហើយយកមកប្រើទេ ហើយទីពីរ ខ្ញុំសុំនិយាយត្រឡប់ដើមវិញ ថ្ងៃដែលមិត្ត ហ៊ ទៅថតកុនថា ចាប់យួនបាននោះ មិនមែនមានផ្ទះថ្មអីអ៊ីចឹងទេ ជាគេប្រឌិតក្រោយ ដែលដើរមកមានផ្ទះថ្ម។ ចំណែកឯមិត្ត ហ៊ គាត់ទៅថត គឺនៅខាងកើតផ្លូវ ១៦៣ ហើយខាងជើងផ្លូវ ម៉ៅ សេទុង។ ដូច្នេះមានតែគុម្ពោតព្រៃទេ អត់មានផ្ទះថ្មីអីទេ ជារឿងប្រឌិតក្រោយទាំងអស់។ កុននេះមិនមែនថតដោយមិត្ត ថេង នៅ ស-២១ ទេ ទាំងពីរឆាកហ្នឹង»។
ការស្ដាប់សក្ខីកម្មរបស់សាក្សី ឌុច អំពីគុកទួលស្លែង ត្រូវបានអង្គជំនុំជម្រះសាលាដំបូង សម្រេចផ្អាកសម្រាប់សប្ដាហ៍នេះ ហើយលោកនឹងមកផ្ដល់សក្ខីកម្មបន្តទៀត នៅច័ន្ទ ទី២០ មិថុនា សប្ដាហ៍ក្រោយ៕
ដោយ ឡេង ម៉ាលី
2016-06-16
2016-06-16
Aucun commentaire:
Enregistrer un commentaire